ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធី ៥៤៩០នាក់ ចូលរួមកម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២

ចែករំលែក៖

ភ្នំ​ពេញ​៖ កាលពីរសៀល​ថ្ងៃ​ទី០៩​ ខែ​កក្កដា ឆ្នាំ​២០១៨ សា​លា ប៊ែល​ធី​ អន្តរ​ជាតិ​ បានរៀបចំ ​កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ លើកទី២ នៅ​សាលា​ ប៊ែល​ធី ​អន្តរ​ជាតិទី៩​ (សាខាស្ទឹងមានជ័យ) ក្រោម​អ​ធិប​តី​ភាព​ ​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ។

តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅនៃសាលា ប៊ែលធី អន្តរជាតិ បានអោយដឹងថា៖​ សាលា ប៊ែលធី អន្តរជាតិ បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ ទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង​ទេពកោសល្យ និងទី៨.កម្មវិធីកីឡា។

ក្នុងឆ្នាំសិក្សានេះ សាលាបានកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបានរៀបចំបង្កើតបន្ទប់ពិសោធន៍ (Laboratory) នៅគ្រប់ទីតាំងសាខា ប៊ែលធី ដែលបំពាក់នូវសម្ភារពិសោធន៍ទំនើបៗ សម្រាប់សិស្ស​ចំណេះទូទៅ​ចាប់ពី​ថ្នាក់​ទី៧​ដល់ទី១២​ ដើម្បី​សិក្សា និងផ្សាភ្ជាប់ ទឹ្រស្តីទៅនឹងការអនុវត្តជាក់ស្តែងដែលផ្តោតសំខាន់លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ។

ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប បានថ្លែងនូវការកោតសរសើរចំពោះប្អូនៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភីនាពេលនេះ។

លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹងគុណភាព ផ្នែកចំណេះដឹងទូទៅឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងការសរសេរ ការគិតឱ្យមានភាពរហ័សរហួន និងផ្ដល់ឱកាសដល់សិស្ស ដើម្បីបង្ហាញនូវសមត្ថភាព និងស្វែងរកអ្នកដែលពូកែបំផុត ព្រមទាំងឆ្លាតវៃ ឲ្យស្របតាមបាវចនាប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌” ។

លោកអគ្គ-នាយករង ក៏បានផ្តាំផ្ញើដល់សិស្សទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បីបង្កើន​ចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ថ្នាក់ទី១២ ត្រូវមានសមត្ថភាពគ្រប់គ្រាន់ ទាំង​ផ្នែក​ចំណេះ​ដឹង​ទូទៅ​ និង​ភាសា​ ហើយ​អាចបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនានា នៅក្នុងប្រទេស និងក្រៅប្រទេស ​មានសមត្ថភាពចូល​រួម​ប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជា​អ្នក​ដឹក​នាំល្អ ​និងជាទំពាំង​ស្នងឫស្សី​ដ៏ល្អក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិទៅថ្ងៃអនាគត។

ជាទីបញ្ចប់ លោក លី ប៊ុនឆៃ ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី ថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន​ ០៩នាក់ផងដែរ ៕ សរស្មី

 


ចែករំលែក៖