ភ្នំពេញ៖ អតិថិជនជាវផ្ទះល្វែងសំណង់បុរីពិភពថ្មីខកចិត្តយ៉ាងខ្លាំង ខណៈសំណង់មានតែសោភណ្ឌភាព ប៉ុន្តែគ្មានគុណភាព សង្ស័យការសាងសង់នេះ កេងចំណេញបច្ចេកទេសច្រើនពេក ឬសាងសង់ខ្វះការទទួលខុសត្រូវលើគុណភាពបច្ចេកទេស ។
សំណង់ផ្ទះល្វែងមួយកន្លែងនៅបុរីពិភពថ្មី (សាខាកំបូល) ត្រូវបានម្ចាស់ផ្ទះអះអាងថា មានករណីប្រេះជាច្រើនកន្លែង(ប្រេះសុសគ្រប់ទីកន្លែងដូចទូរស័ព្ទបែកអេក្រង់) ក្នុងនោះ អ្នកជាវថែមទាំងសំណូមពរឲ្យសេដ្ឋីចិត្តធម៌ គឺអ្នកឧកញ៉ា ហុង ពីវ សូមចេញមុខមកដោះស្រាយចំពោះសំណង់របស់គាត់ ដែលសង់គ្មានគុណភាពនេះដល់អ្នកជាវនោះផង ។ ម្ចាស់អាខោនហ្វេសប៊ុកមួយមានឈ្មោះ Limspirations នាងបានរ៉ាយរាប់ទាំងបង្ហាញរូបភាព និងផ្ញើសារជាសំឡេងលើវីដេអូឃ្លីបទៅកាន់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់សំណង់បុរីពិភពថ្មី ដើម្បីចូលខ្លួនមកដោះស្រាយ ក្នុងនោះ នាងបានបញ្ជាក់យ៉ាងលម្អិតថា នាងខ្ញុំបានទិញផ្ទះល្វែងមួយខ្នងនៅបុរីពិភពថ្មី(សាខាកំបូល) បានជួប្រទះបញ្ហា ដូចខាងក្រោម៖ ទី១ ប្រេះខ្លាំងស្ទើរគ្រប់កន្លែង ទី២ជាន់ឡៅតឿ បន្ទប់មុខក្រោយប្រេះប្លង់សេ ទី៣ ជញ្ជាំងជណ្តើរប្រេះកាត់ទទឹង៣កន្លែង ប្រវែងជាង២ម៉ែត្រ ទី៤កែងក្រោមជណ្តើរប្រេះ ទី៥ បន្ទប់ទទួលភ្ញៀវប្រេះជញ្ជាំងបញ្ឈរ និងទី៦ ជញ្ជាំងខាងក្រៅផ្ទះប្រេះឡើងសុសដូចទូរស័ព្ទបែកអេក្រង់ ។ នេះនាងមិនទាន់ទាំងបានបូករួមនូវបញ្ហាធំៗមួយចំនួនទៀតនៃសំណង់គ្មានគុណភាពនេះ ។
ម្ចាស់អាខោនឈ្មោះLimspirations បានបង្ហោះជាវីដេអូឃ្លីប ក្នុងន័យផ្ញើទៅកាន់អ្នកឧកញ៉ា ហុង ពីវ ដែលត្រូវជាម្ចាស់បុរីពិភពថ្មី មេត្តាចេញមុខដោះស្រាយពីបញ្ហាសំណង់ផ្ទះល្វែងរបស់នាង ដោយនាងបញ្ជាក់ថា ក្នុងនាមខ្ញុំជាភ្ញៀវ ទិញចំរបស់គ្មានគុណភាព ហើយព្យាយាមទាក់ទងខាងបុរី ប៉ុន្តែគ្មានដំណោះស្រាយ គ្មានពាក្យសម្តីពិតប្រាកដ គ្មានពេលវេលាជាក់លាក់ តែងតែបង្អង់ពេល ពន្យារពេល ទាំងដែលផ្ទះនៅក្នុងការធានាជួសជុលនៅឡើយ ។
ម្ចាស់អាខោនរូបនេះបានបន្តថា ការសន្យា និងកំណត់ថ្ងៃចូលជួសជុលផ្ទះទាក់ទងទៅបុគ្គលិកម្តងៗ គឺរុញឲ្យទាក់ទងទៅមេជាងផ្ទាល់ ឬសុំពេលខ្លះ តែងតែសុំពេល៧ថ្ងៃ ថាមានជាងចូលមើល ចូលជួសជុល តែមិនដែលមានជាងមកទេ ៧ថ្ងៃក្លាយទៅជា៧អាទិត្យ ហើយក៏ក្លាយទៅជារាប់ខែ…។ បើខលទៅមេជាង លើកណាក៏គ្មានពេល ក៏រវល់ ក៏ជាប់ដៃ… ហេតុអីផ្ទះគេមានជាងធ្វើ ឯផ្ទះខ្ញុំគ្មាន??? ។ ម្ចាស់អាខោនខាងលើបានបញ្ចេញជាមតិ និងបង្ហាញឲ្យអស់ពីបេះដូរបស់ខ្លួនពីការយោគយល់ច្រើនណាស់ដល់បុរីពិភពថ្មីនេះ ក្នុងនោះនាងបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំដឹងថា ផ្ទះធ្វើរួច គេតែងតែដកជាង ទើបខ្ញុំតែងតែផ្តល់ពេលវេលាសម្រាប់ពួកគាត់ ប៉ុន្តែការយល់យោគរបស់ខ្ញុំ បានតបស្នងមកវិញ ជាការមើលងាយ ជំនឿទុកចិត្តរបស់ខ្ញុំចំពោះពួកគាត់ទៅវិញ ។
ម្ចាស់អាខោនរូបនេះ មិនត្រឹមតែសូមឲ្យសេដ្ឋីចិត្តធម៌ អ្នកឧកញ៉ាហុង ពីវ ចេញមុខមកដោះស្រាយប៉ុណ្ណោះទេ រាល់បញ្ហាខាងលើ ក្នុងនោះ នាងថែមទាំងបញ្ជាក់យ៉ាងលម្អិតអំពី បុគ្គលិកលក្ខណៈរបស់បុគ្គលិក និងជាងរបស់បុរីពិភពថ្មី ជូនទៅអ្នកឧកញ៉ាហុង ពីវ នោះទៀតផងថា បុគ្គលិកមួយចំនួនតូច មានអាកប្បកិរិយាមិនសមរម្យ សម្តីមធ្យម ងំទឹកមុខហ្នឹងហ្នង ខ្ញុំមិនចង់បង្ហោះរូបពួកគាត់ទេ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់ការងាររបស់ពួកគាត់ ឬអាចនិយាយបានថា ខ្ញុំគោរពសិទ្ធិរបស់ពួកគាត់ ខ្ញុំសូមសំណូមពរដល់បងៗ មេត្តារួសរាយដល់អតិថិជនផង មិនថា ពួកគាត់ជាអ្នកមាន អ្នកមធ្យម អ្នកក្រ ឬក្ររហាម ពាក់ខោមិនខោ អាវមិនអាវក៏ដោយ ក្នុងនាមពួកបងជាអ្នកលក់ គួរគោរពដល់អតិថិជន នេះជាចំណេះដឹងមូលដ្ឋានគ្រឹះរបស់អ្នកលក់ (Selling the most basic knowledge) ។
ម្ចាស់អាខោនលើកឡើងទៀតថា បើមេជាងមិញ មហាសន្យា អត់កូនជាងរហូត គិតថា ខ្ញុំអត់គ្រាប់ភ្នែកមែន? ផ្ទះជិតខ្ញុំចូលធ្វើម្តងៗ ជាង១០កូនជាង តែផ្ទះខ្ញុំ ប្រាប់ចង់ស្ទិកមាត់ ក៏គាត់ថា អត់ដែរ ហើយអាសូរតែការិយាល័យនៅឯណា ព្រះអើយ នៅជិតផ្ទះខ្ញុំសោះ ។ ដោយសារតែពុំទាន់មានដំណោះស្រាយ ទើបម្ចាស់អាខោនរូបនេះ ថែមទាំងលើកឡើងអំពីនីតិវិធីនៃការជាវផ្ទះនេះថែមទៀត ក្នុងនោះ នាងលើកអំពីកាលបរិច្ឆេទបង់ប្រាក់ ដោយបញ្ជាក់ថា នាងខ្ញុំជាមនុស្ស ដែលគោរពលក្ខខណ្ឌ និងសំណើរបស់អ្នកដទៃ ជាពិសេសគឺបញ្ហាដែលពាក់ព័ន្ធនឹងលុយ នាងខ្ញុំពុំដែលបង់ប្រាក់ជូនបុរីខកខាន ឬមិនទៀងទាត់រហូតឈានដល់ការផាកពិន័យនោះទេ ។ ប៉ុន្តែខាងបុរីវិញ ទី១ ប្រគល់ផ្ទះឲ្យខ្ញុំយឺត១ខែ(ទាំងខ្ញុំតឿនផង បើមិនតឿនមិនដឹងប៉ុន្មានខែទេ) ទី២ សន្យាប្រគល់សោ រួចចូលប៉ះប៉ូវបន្ថែម តែមិនឃើញទង្វើ… ទាំងដែលខាងបុរីនិយាយផ្ទាល់ សុំឲ្យខ្ញុំទទួលសោសិន រួចគាត់នឹងចូលធ្វើតាមក្រោយ ៣ សន្យាជួសជុល តែពន្យារពេលឥតល្ហែ ពន្យារពេលដល់ជិតផុតកុងត្រា ។ ក្នុងកិច្ចសន្យា សរសេរថាពិន័យចំពោះអតិថិជនដែលបង់ប្រាក់យឺតយ៉ាវ ចាប់ពីរយះពេលប៉ុន្មានៗ… នឹងត្រូវពិន័យ៥ភាគរយ ប៉ុន្តែពេលដែលបុរីមានកំហុសយឺតវិញ យឺតរហូតរាប់ខែ ហេតុអ្វីគ្មានការបញ្ចុះការប្រាក់ជូនអតិថិជន? ឬក៏បុរីតែងតែត្រូវ អតិថិជនតែងតែខុស ។
ម្ចាស់អាខោនបានបន្តថា ចំពោះបញ្ហាទំនួលខុសត្រូវ ប្រសិនបើផ្ទះខ្ញុំផុតកុងត្រា ខ្ញុំមិននិយាយទេ តែនេះនៅក្នុងកុងត្រា ហេតុអ្វីតែងតែព្រងើយកន្តើយចំពោះបញ្ហារបស់អតិថិជនដែលបានជូនដំណឹងទៅ? ចាំដល់បាក់គ្រឹប ចុះមកទើបបុរីរកជាងបាន? ឯណាទៅទំនួលខុសត្រូវ? តើកិច្ចសន្យានៅមានសុពលភាពដែរទេ បើអ្នកលក់មិនគោរពកិច្ចសន្យាផងនោះ ។
អាចជាការក្តៅក្រហាយ ឈឺចុកចាប់ក្នុងចិត្តពេក ទើបអតិថិជន ដែលបានជាវផ្ទះល្វែងបុរីពិភពថ្មី (សាខាកំបូល) ដែលម្ចាស់អាខោនឈ្មោះ Limspirations ថែមទាំងបញ្ចេញនូវសំណួរ ដោយបញ្ជាក់ថា សំណួរខ្លីៗ សួរទៅកាន់អ្នកលក់ ១ បើគេធ្វើផ្ទះបែបនេះលក់ឲ្យអស់លោកវិញ តើមានអារម្មណ៍យ៉ាងណា? ទទួលបានទេ? ទី២ តើលោកនឹងរកវិធីអ្វីមកដោះស្រាយ បើសិនផ្ទះមានបញ្ហា តែគ្មានការអើពើពីអ្នកលក់? ទី៣ បើបាក់ស្រុតចុះមក នរណាទទួលខុសត្រូវ ។ នាងបានរំលឹកទៀតថា ចុះបើក្នុងលក្ខខណ្ឌ ទី១ ខ្ញុំរកជាងមកធ្វើដោយផ្ទាល់ ហើយបុរីជាអ្នកទូទាត់លុយ ព្រោះបុរីពិបាករកជាងខ្លាំងណាស់? ទី២ ប្រគល់លុយដែលខ្ញុំបានបង់ តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះមកខ្ញុំវិញ (ទាំងការទាំងដើម) ហើយសងជំងឺចិត្តខ្ញុំ៥០ភាគរយនៃតម្លៃផ្ទះទាំងមូល ខ្ញុំនឹងរើចេញក្នុងរយៈពេល១០ថ្ងៃ ព្រោះអ្នកលក់បានបំផ្លាញជំនឿទុកចិត្តរបស់ភ្ញៀវ ។
ម្ចាស់អាខោនខាងលើបានគូសបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខ្ញុំបានបញ្ជាក់ជាមួយបងស្រីផ្នែកបេឡាឈ្មោះ សំផស់ ថា ប្រសិនបើនៅតែសន្យាខ្យល់មិនដោះស្រាយឲ្យខ្ញុំទៀត ខ្ញុំនឹងលេងតាមហ្នឹងហើយ, ហើយគាត់ក៏បានឆ្លើយថា ចាស់ (ក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ក៏បានថតសំឡេងគាត់ទុកដែរ) ។ ជាចុងក្រោយ នាងសូមសំណូមពរដល់ពុកម៉ែ បងប្អូន ដែលមានបំណងចង់ទិញផ្ទះនៅបុរីពិភពថ្មីសាខាកំបូល សូមប្រយ័ត្នប្រយែង ឲ្យមានមែនទែនណា ចៀសវាសមានការស្តាយក្រោយទៅថ្ងៃមុខ បំណងល្អពីនាងខ្ញុំ ដែលឆ្លងកាត់ផ្ទាល់ ។ ក្នុងនោះនាងថែមទាំងបញ្ជាក់ថា មួយជីវិតខ្ញុំនេះ មិនដែលមានគំនុំគំគួនជាមួយនរណាម្នាក់ឡើយ ប្រសិនបើសម្តីខ្ញុំដែលនិយាយចេញមកថ្ងៃនេះ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនាងខ្ញុំទៅថ្ងៃមុខ សូមពុកមែបងប្អូនជួយធ្វើជាសាក្សីដល់នាងខ្ញុំផង ។
ជាក់ស្តែង នៅក្នុងការខមមិនចូលលើអាខោនមួយនេះ ពិតជាមាននូវពាក្យពេចន៍អសុរោះ និងរិះគន់យ៉ាងពេញទំហឹងពីអតិថិជនទៅលើសំណង់បុរីពិភពថ្មីរបស់សេដ្ឋីអ្នកឧកញ៉ា ហុង ពីវ ដូចជាពាក្យខ្លះថា ហៅជាងដូចអូសឫស្សីបញ្ច្រាសចុង… អ្នកខ្លះទៀត បរិយាយថា ខ្ញុំមិនតែជញ្ជាំងបូកធ្វើមារៀលៗដូចទ្រុងមាន់ និងមួយចំនួនធំទៀតបានលើកឡើងថា ឆ្ងាញ់តែសម្តីពួកបុគ្គលិកលក់ខ្លះ សម្តីពួកវាខ្លាំងៗណាស់ ដូចវាហ្នឹងម្ចាស់បុរីអឺចឹង ធ្វើការឲ្យគេដែរសោះ មើលសម្តីពួកហ្នឹងទៅ យកមុខណាស់ ឲ្យឆាប់បានឡើងតំណែង ជាបុគ្គលិកឆ្នើម លាមកស្អុយអី? ស្អប់ត្រង់សម្តីពួកហ្នឹង និយាយពេលខ្លះ គ្មានការអនុគ្រោះ ឬសម្តីជាអ្នកចេះដឹងសោះ ។ អ្នកខ្លះទៀត ថែមទាំងបញ្ជាក់ថា ខ្ញុំបានឃើញពួកគេធ្វើហើយ យកខ្សាច់ស្អុយមកបូក រឿងអីផ្ទះមិនប្រេះ ហើយមានអ្នកខ្លះទៀតថែមទាំងខមមិន និយាយត្រង់ៗថា មកពីបុរីនេះ ជួលមេជាងជំនួសវិស្វករ ក្នុងនោះ ក៏មានទាំងបង្ហាញនូវរូបភាពជញ្ជាំង ពិដាន ប្លង់សេ កន្លែងប្រេះ នៃសំណង់ផ្ទះល្វែងរបស់បុរីពិភពថ្មីនេះយ៉ាងសន្ធឹកសន្ធាប់ថែមទៀត ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំណង់បុរីនីមួយៗ ចាំបាច់ត្រូវមានច្បាប់សាងសង់ ចាប់តាំងពីថ្នាក់ភូមិ រហូតដល់សង្កាត់ ខណ្ឌ ភូមិបាលខណ្ឌ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ និងឆ្លងកាត់លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ។ ដូច្នេះ រាល់ការសាងសង់ម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវចំពោះគុណភាព ក៏ដូចជាសោភណ្ឌភាពទៅតាមអ្វីដែលច្បាប់អនុញ្ញាត ក្នុងនោះមានទាំងការធានាបញ្ហាប្រព័ន្ធលូ ទឹក ភ្លើង សំណង់ធ្វើតាមស្តង់ដារបច្ចេកទេស មិនឲ្យមានករណីស្រុតប្រេះស្រាំ ដែលជាហានិភ័យចំពោះអតិថិជន ក៏ដូចជាមុខមាត់ក្រុងផងដែរ ។ ផ្ទុយទៅវិញ សំណង់បុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បើយោងទៅតាមការលើកឡើងពីអតិថិជនរងគ្រោះទិញសំណង់ផ្ទះល្វែង ជួបប្រទះបញ្ហាប្រេះគ្រប់ទីកន្លែងហើយ អ្វីដែលឈឺចាប់បំផុតនោះត្រង់ថា ទាំងបុគ្គលិក ទាំងមេជាង ទាំងថៅកែមិនបានយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះសំណង់របស់ខ្លួន ទោះជាមានការអង្វរកផង សំណូមពរផង ទៅជម្រាបជូនផង ក៏គ្មាននរណាមកជួសជុល មិនខុសពីអ្វីដែលម្ចាស់អាខោនខាងលើបានរៀបរាប់នោះឡើយ ។ បើទោះជាមានករណីបែបនេះក៏ដោយ អង្គភាពនគរវត្ត មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីម្ចាស់បុរីពិភពថ្មីចិត្តធម៌អ្នកឧកញ៉ា ហុង ពីវ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក ក៏មានមតិមួយចំនួន បានលើកឡើងផងដែរថា បញ្ហាសំណង់គ្មានគុណភាពដូចជាប្រេះនេះគឺកើតឡើងជារឿយៗ ក្នុងនោះករណីខ្លះ ក៏មិនបានសង់ទៅតាមស្តង់ដារបច្ចេកទេសច្បាប់អនុញ្ញាតដែរ ដូច្នេះគួរតែខាងជំនាញសាលារាជធានីភ្នំពេញ ក៏ដូចជាខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មេត្តា ពិនិត្យជាក់ស្តែងផងថា តើម្ចាស់បុរីគាត់បានគោរពទៅតាមច្បាប់អនុញ្ញាតដែរឬទេ បើពុំនោះទេ អតិថិជនជាប្រជាពលរដ្ឋ គាត់នឹងរងគ្រោះ ហើយគ្មានទេដំណោះស្រាយ ក៏ដូចជាភាពយុត្តិធម៌សម្រាប់ពួកគាត់ មានន័យថា អ្នកទិញចាំតែខុស អ្នកលក់ចាំតែត្រូវ ជាវប្បធម៌ដ៏អាក្រក់បែបនេះរហូតឬ ៕ សុខខេមរា