នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May សន្យាថា នឹងបញ្ជូនទាហានបន្ថែមចំនួន 440 នាក់ឲ្យទៅកាន់អាហ្វហ្គានីស្ថាន ។ ការសន្យានេះធ្វើឡើងក្នុងអំឡុងជំនួបកំពូល NATO នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ខណៈដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជំរុញឱ្យសម្ព័ន្ធមិត្តចូលរួមចំណែកបន្ថែមទៀត។
កងទ័ពបន្ថែមរបស់អង់គ្លេស នឹងមកពីកងវរសេនាតូច Welsh Guards ជាមួយនឹងការដាក់ពង្រាយពាក់កណ្តាលនៅខែសីហា ហើយក្រុមទីពីរ ដាក់ពង្រាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Theresa May ថ្លែងនៅក្នុងកិច្ចប្រជុំនោះថា “ការផ្តល់កងទ័ពបន្ថែមទៀត ដើម្បីជួយប្រតិបត្តិការហ្វឹកហាត់ និងផ្តល់ទីប្រឹក្សាដល់កងទ័ពអាហ្វហ្កានីស្ថាននេះ យើងគូសបញ្ជាក់ថា នៅពេល ណាតូ ស្នើរកនោះ ចក្រភពអង់គ្លេសគឺជាមនុស្សដំបូងគេដែលត្រូវផ្តល់ចម្លើយ” ។
កម្លាំងកងទ័ពនឹងជួយឱ្យមានស្ថិរភាព និងសន្តិសុខ ដែលប្រជាជនអាហ្វហ្គានីស្ថានសមនឹងទទួលបាន ។
ការដាក់ពង្រាយបន្ថែម នឹងធ្វើឱ្យចំនួនទាហានចក្រភពអង់គ្លេសសរុបនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានប្រហែល 1,100 នាក់។
កងទ័ពចុងក្រោយរបស់ចក្រភពអង់គ្លេសបានចាកចេញពីអាហ្វហ្គានីស្ថានកាលពីឆ្នាំ 2014 បន្ទាប់ពីបានចូលរួមនៅក្នុងសមរភូមិនេះ ចាប់តាំងពីឆ្នាំ 2001 មក។
សម្ព័ន្ធមិត្តណាតូ មានកងទាហានសរុប 16.000 នាក់ឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គាំទ្រដល់កងកម្លាំងអាហ្វហ្គានីស្ថាន រួមទាំងកងទ័ពអាមេរិក 13.000 នាក់។
អង្គការណាតូបានស្នើសុំចក្រភពអង់គ្លេសឱ្យដាក់ពង្រាយកងកម្លាំងបន្ថែមកាលពីឆ្នាំមុន ហើយលោកដូណាល់ ត្រាំ ក៏បាន បានអំពាវនាវម្តងហើយម្តងទៀត ឱ្យសម្ព័ន្ធមិត្តរបស់ ណាតូ បង្កើនការចំណាយផ្នែកការពារជាតិ។
ចក្រភពអង់គ្លេស គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិក ណាតូ ត្រឹមតែ 5 នាក់ប៉ុណ្ណោះ ដែលបំពេញគោលដៅការចំណាយយ៉ាងហោចណាស់ 2 ភាគរយនៃ GDP លើវិស័យការពារជាតិ។
លោកស្រី May ថ្លែងថា “សម្ព័ន្ធមិត្តណាតូអាចពឹងផ្អែកលើចក្រភពអង់គ្លេស ដើម្បីនាំមុខគេ ដោយមិនត្រឹមតែបំពេញតាមការសន្យា 2.0 ភាគរយនោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សមត្ថភាពរបស់យើងចំពោះប្រតិបត្តិការទូទាំងពិភពលោកទៀតផង” ៕ ថាច់ យ៉ាត