ព័ត៌មានទាន់ហេតុការណ៍៖

ភាពរីករាយគ្រប់ដណ្តប់ទូទាំងប្រទេសថៃនិងពិភពលោក ប៉ុន្តែបានបង្កប់នូវទុក្ខក្រៀមក្រំ១៣គ្រួសារទទួលបានក្តីសុខតែមួយគ្រួសារមានកូនតូចត្រូវបាត់បង់ឪពុកជារៀងរហូត

ចែករំលែក៖

មិនថាតែពលរដ្ឋថៃប៉ុណ្ណោះទេ ដែល មានភាពរីករាយ ក្រោយរំដោះកុមារទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំ ដែលជាប់នៅខាងក្នុងអស់រយៈពេល១៧ថ្ងៃ។ នៅពេលកីឡាករចុងក្រោយ បាន បញ្ជូនចេញពីរូងភ្នំប្រហែលជាម៉ោង៦បានធ្វើឲ្យក្តីរំភើប ពេញលេញកើតឡើងចំពោះគ្រួសារក្រុមកីឡាករ ក៏ដូចជាពលរដ្ឋទាំង មូល។ ប៉ុន្តែភាពសប្បាយរីករាយដែល បានជួបជុំគ្រួសារវិញ ក៏បង្កប់ទៅដោយទុក្ខ ក្រៀមក្រំ ដោយគ្រូសារមួយទៀតដើម្បី ជួយកូនខ្លួនឯងដែលជាប់ក្នុងរូងភ្នំបានលះបង់ជីវិត បន្សល់ទុកគ្រួសារដែលមិនមាន ការជួបជុំជារៀងរហូត។

ក្នុងរយៈពេល១៧ថ្ងៃកន្លងមក លោក Adisak Wongsukchan មិនដែលដកខ្សែភ្នែកចេញពីភ្នំថាំលួងនោះឡើយ ដោយ កូនប្រុសអាយុ១៤ឆ្នាំរបស់លោក កំពុងតែជាប់គាំងនៅខាងក្នុងជាមួយមិត្តភក្តិ១១ នាក់ទៀតព្រមទាំងគ្រូបង្វឹក។ ពីមួយថ្ងៃទៅ មួយថ្ងៃ គាត់តែងតែបារម្ភពីសុខទុក្ខរបស់ កូន ដែលរស់នៅក្នុងភាពងងឹត ការហូប ចុកបានគ្រប់គ្រាន់ដែរឬទេ? ប៉ុន្តែនៅយប់ ថ្ងៃទី១០ ខែកក្កដា តាមដងផ្លូវចុះពីភ្នំថាំលួង សំណួរទាំងឡាយបានបង្កប់នៅក្នុងចិត្ត របស់លោក ដោយគ្មានការស្រាយបំភ្លឺ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់សារព័ត៌មាន CNN នៅតំបន់ភ្នំថាំលួង លោក Wongsukchan បានបញ្ជាក់ថា លោកពិតជាមានក្តីសុខ និងដឹងគុណយ៉ាងខ្លាំងដល់ការខិតខំជួយកូនប្រុសរបស់លោក និងក្រុមកីឡាករទាំងអស់ចេញពីរូងភ្នំដោយសុវត្ថិភាព។

ក្នុងរយៈពេលជិត៣សប្តាហ៍កន្លងមកលោក Wongsukchan បានប្រកាសឲ្យដឹង ថា លោកបានខិតខំជួយអ្វីដែលអាចជួយបានអស់ពីសមត្ថភាពដល់ក្រុមជួយ សង្គ្រោះ។ នៅពេលនេះអ្វីដែលលោក ចង់បាន គឺឱបកូនប្រុសរបស់ខ្លួន ហើយ និយាយថា ខ្ញុំមានក្តីសុខណាស់ និងសួរនូវសំណួរមួយចំនួនពីទុក្ខលំបាករបស់កូន បច្ចុប្បន្នក្រុមកីឡាករកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យតាមដានសុខភាព។

នៅពេលដែលលោក Wongsukchan ចុះពីភ្នំ លោកបានអរគុណមនុស្សគ្រប់ គ្នាម្តងម្នាក់ៗដែលលោកបានជួបនៅតាមផ្លូវចុះមក។ ក្រុមអ្នកឯកទេសជួយសង្គ្រោះជាង១០០នាក់ និងក្រុមជំនួយរាប់ពាន់នាក់ បានចូលរួមធ្វើសកម្មភាពជួយសង្គ្រោះ រយៈពេលជិត៣សប្តាហ៍។

សកម្មភាពស្វែងរកចាប់ផ្តើមនៅថ្ងៃទី ២៣ ខែមិថុនា ហើយការស្វែងរកបានប្រែក្លាយជាទ្រង់ទ្រាយធំជាលក្ខណៈអន្តរជាតិ ដោយសារតែស្ថិតនៅក្នុងតំបន់ស្មុគស្មាញ គ្រោះថ្នាក់បានទាក់ទាញអ្នកជំនាញលំដាប់ ពិភពលោកមកចូលរួម។

កាលពីថ្ងៃទី១០ ខែកក្កដា កុមារទាំង ១២នាក់ និងគ្រូបង្វឹក ម្នាក់បានចេញពីរូងភ្នំដោយសុវត្ថិភាព។ លោក Wongsukchan ក៏បានឲ្យដឹងថា កូនរបស់លោកបានបញ្ជូនចេញតាំងពីថ្ងៃទី៩ ខែកក្កដា ប៉ុន្តែលោកបានសម្រេចនៅទីនោះដើម្បីលើក កម្លាំងចិត្តដល់គ្រួសារផ្សេងទៀត ដែល កំពុងរង់ចាំកូនរបស់ខ្លួនចេញ។

ក្រុមចុងក្រោយបានចេញពីរូងភ្នំ ក្នុង នោះមានសមាជិកក្រុមពិសេស SEAL របស់កម្លាំងទាហានជើងទឹកថៃ ហើយក៏ មានគ្រូពេទ្យម្នាក់ ដែលបាននៅក្នុងរូងភ្នំ រយៈពេល១សប្តាហ៍ជាមួយក្រុមកីឡាករ ក្រោយរកឃើញនៅថ្ងៃទី២ ខែកក្កដា។

ក្តីសប្បាយលាយឡំនឹងទុក្ខសោក

ពិភពលោកបានអបអរសាទរនឹងភាពសប្បាយរីករាយក្រោយជួយរំដោះកុមារ ទាំងអស់ចេញក្រៅដោយសុវត្ថិភាព ប៉ុន្តែបានបង្កប់នូវក្តីទុក្ខក្រៀមក្រំ ដោយសារតែ ការបាត់បង់អតីតទាហាន SEAL ដែល បានចាកចេញជារៀងរហូត មិនបានចូល រួមនៅក្នុងភាពរីករាយក្រោយរំដោះកុមារទាំងអស់ចេញក្រៅ។ អតីតទាហាន SEAL លោក Samarn Moonan អាយុ៣៨ឆ្នាំ បានស្លាប់ ដោយខ្វះអុកស៊ីហ្សែន។ គាត់ត្រូវបានចាត់ទុកជាវីរបុរសថៃមួយរូបដោយបានលះបង់ជីវិតខ្លួនឯងជួយជីវិត កុមារទាំង១២នាក់ និងគ្រូបង្វឹកម្នាក់។

ការទទួលបានជោគជ័យនៅក្នុងសកម្មភាពជួយសង្គ្រោះនេះ គឺជាទឹកចិត្ត និងការ សាមគ្គីភាព ទើបអាចឈានដល់ជោគជ័យ ហើយក៏ជាបទពិសោធន៍ ជាមេរៀនសម្រាប់ ពិភពលោកទាំងមូល។ បើមានហេតុការណ៍ កើតឡើងនៅពេល អនាគត បទពិសោធន៍ ទាំងនេះ នឹងយកទៅប្រើប្រាស់ធ្វើជាមូល ដ្ឋាន ដូចជាការជួយសង្គ្រោះក្រុមកម្មករ អណ្តូងរ៉ែនៅឈីលី៣៣នាក់ដែលជាប់ គាំងនៅក្រោមដីរហូតដល់៦៩ថ្ងៃ មាន ជម្រៅរាប់រយម៉ែត្រ ក្រោយផ្លូវចូលត្រូវបាក់ស្រុតបិទជាប់៕ ម៉ែវ សាធី


ចែករំលែក៖