ភ្នំពេញ៖ ទីតាំងស្តុកម៉ូតូក្រុមហ៊ុនចិនមួយកន្លែងយីហោ បូឌីង អ៊ីនវេសមិនខូអិលធីឌី ដែលក្លែងបន្លំ ម៉ាករបស់ក្រុមហ៊ុនហុងដា ដោយបានរកឃើញចំនួន ៤៤៤ គ្រឿងព្រមទាំងសម្ភារជាច្រើនទៀតត្រូវបានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃចុះបង្ក្រាប ។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុនខាងលើដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចខាងលើបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះបានបន្លំម៉ាករបស់ក្រុមហ៊ុនហុងដាដោយតម្លើងម៉ូតូរាប់រយគ្រឿង និងត្រូវានក្រុមហ៊ុនហុងដាប្ដឹងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃចុះបង្ក្រាប ។
កម្លាំងក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជុត សាម៉ុន ឋានៈអនុប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ។ ខណៈនោះបានរកឃើញម៉ូតូក្លែងបន្លំម៉ាកនិងម៉ូដែលចំនួន ៤៤៤គ្រឿង ក្នុងនោះមានម៉ាកZoomer-xចំនួន២២៤គ្រឿង ម៉ាកMSL-S1ចំនួន១០០គ្រឿង ម៉ាកScoopyចំនួន៣១គ្រឿង ម៉ាកDucatiចំនួន៣គ្រឿង ម៉ាកDreamចំនួន៣គ្រឿង ម៉ូតូធំផ្សេងៗចំនួន២០គ្រឿង តែមZoomer-x MSL-S1 Scoopy Ducati Dream ចំនួន៤កេស ប្រេងសម្រាប់លាយប្រេងម៉ាស៊ីន៣៦ប្រអប់ និងគ្រឿងបន្លាស់មួយចំនួន ។
សមត្ថកិច្ចបានបន្តថា ម្ចាស់ទីតាំងនោះឈ្មោះ Luo Yun ភេទប្រុសជាជនជាតិចិន អាយុ៤៥ឆ្នាំ និងប័ក្សពួក៣នាក់ទៀតក្នុងនោះមានស្រីម្នាក់ ។
គណៈកម្មការខាងលើបានធ្វើការឃ្លុមបេម៉ូតូទាំងនោះទុកបណ្ដោះអាសន្នសិននិងនាំជនជាតិចិន២នាក់ទៅកាន់លេខាធិការដ្ឋានដើម្បីសួរបំភ្លឺ៕ សុខាសែនជ័យ