ព័ត៌មានទាន់ហេតុការណ៍៖

ម៉ែឪធ្វេសប្រហែស ទើបកូនតូច២ឆ្នាំកំពុងពេញរពិសត្រូវរថយន្តកិនបែកក្បាល

ចែករំលែក៖

ខេត្ត​កណ្តាល​៖ សង្ស័យឪពុកម្តាយមានការធ្វេសប្រហែសពេក ទើបបណ្តោយឲ្យកូនអាយុ២ឆ្នាំ កំពុងពេញរពិស ត្រូវឡានកិនបែកក្បាលស្លាប់​កាលពីវេលា​ម៉ោង​៦ព្រឹក ថ្ងៃពុធ ១៤រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវលំ​គ្រោះ​ក្រហម ស្ថិត​ក្នុង​ភូ​មិទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​សមត្ថកិច្ចថា រថយន្ត​ម៉ាក ហុីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2z – 6298 អ្នកបើកបរ​ឈ្មោះ​គង់ ឡុង​ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​បើកបរ​ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង មាន​ដឹក​ដីខ្សាច់ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​ក៏​បាន​ឈប់​នៅ​មុខ​ផ្ទះ​ឈ្មោះ​ចាន់ សុផាត​ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ដើម្បី​ទិញ​ស្រា​ប៊ៀរ​១​កំប៉ុង ពេលនោះ ឈ្មោះ​ចាន់ ​សុផាត ជា​អ្នកលក់ ក៏​បាន​យក​ស្រា​ប៊ៀរ ទៅឲ្យ​ឈ្មោះ​គង់ ឡុង ដែល​អង្គុយ​នៅក្នុង​រថយន្ត ស្រាប់​ពេលនោះ​កុមារ​រងគ្រោះ​ឈ្មោះ​ តុង ​ចាន់​មុន្នី​សត្យា ភេទ​ប្រុស អាយុ 2​ឆ្នាំ​ ​ត្រូវ​ជា​​កូន បាន​ដើរ​តាម​ពីក្រោយ​មក ចូល​អង្គុយ​ក្រោម​រថយន្ត ដោយ​ម្តាយ និង​អ្នកបើកបរ មិន​បាន​ដឹង​ឡើយ លុះ​ពេល​រថយន្ត​ចេញដំណើរ ក៏​បាន​កិន​កុមារ​រងគ្រោះ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ។

ក្រោយពេល​កើតហេតុ​អ្នកបើកបរ បាន​រត់គេចខ្លួន​បាត់ ។​ កម្លាំង​នគរបាល​ប៉ុស្តិ៍​តា​លន់ និង​ផ្នែក​ចរាចរណ៏​ស្រុកស្អាង បាន​ចុះ​ពិនិត្យ​វាស់វែង និង​យក​រថយន្ត​មក​រក្សាទុក រងចាំ​ដោះស្រាយ​តាម​នីតិវិធី ៕


ចែករំលែក៖