ការធ្វើកំណែទម្រង់របស់អង្គការអូតង់ ក៏ដូចជាការបង្កើនចំណាយរបស់ប្រទេសជាសមាជិក សម្រាប់ស្ថាប័នយោធាកំពូល មួយនេះ កំពុងក្លាយទៅជាវិវាទយ៉ាងធំរវាងអាមេរិកនឹងអូតង់ ក្នុងពេលដែលអាមេរិក មិនលើកលេងពន្ធដល់អឺរ៉ុប ហើយថែម ទាំងបង្ខំឲ្យអឺរ៉ុបចំណាយ ជាច្រើនទៅលើ សម្ពន្ធមិត្តយោធានេះ។
កំណែទម្រង់លើរចនាសម្ព័ន្ធរបស់អង្គការដែលមានចំណាស់ជិត ៧០ឆ្នាំដោយរៀបចំរចនាសម្ព័ន្ធថ្មីដើម្បីសម្របខ្លួនឲ្យត្រូវនឹងស្ថានការណ៍ពិភពលោកសព្វថ្ងៃ។ ស្ថានការណ៍ពិភពលោកសព្វថ្ងៃកំពុងទទួលរងការគំរាមកំហែងពីអង្គការរដ្ឋអ៊ិស្លាម ហើយការដែលក្រុមប្រទេសមហាអំណាចកំពុងចាប់ផ្តើមបញ្ចេញធ្មុងដាក់គ្នាជាថ្មីគឺដូចក្នុងសម័យសង្រ្គាមត្រជាក់។ នៅក្នុងន័យនេះ អង្គការអូតង់អាចដើរតួនាទីជាអាជ្ញាកណ្តាលក្នុងការបំបែកគូប្រជែង និងចៀសវាង កុំឲ្យសង្រ្គាមត្រជាក់កើតមានជាថ្មីម្តងទៀត។
នៅក្នុងរចនាសម្ព័ន្ធថ្មី អូតង់គ្រោងបន្ថែមបុគ្គលិកថ្មីចំនួន១.២០០នាក់ទៅលើបុគ្គលិកមានស្រាប់ចំនួន ៦.៨០០នាក់នៅ សេនាធិការដ្ឋាន និងត្រូវរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៃសេនាធិការដ្ឋានទ័ពជើងទឹក ទ័ពជើងគោក និងទ័ពជើង អាកាស។ បន្ទាប់មក យុទ្ធសាស្រ្តថ្មីរបស់ អូតង់នៅឆ្នាំ ២០២០ គឺមានសមត្ថភាពក្នុងការដាក់ពង្រាយកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៣០នាទីឲ្យបាន ៣០ កងវរសេនាតូច៣០កងអាកាស និង ៣០ នាវាចម្បាំង។ បន្ទាប់មកទៀត ជំនួបកំពូលក៏នឹងសម្រេចចិត្តពីការបន្តពង្រាយកម្លាំងទាហាននៅក្នុងក្រុមប្រទេសក្នុងតំបន់បាល់ទិក និងប្រទេសប៉ូឡូញដូចដែលជំនួប កំពូលឆ្នាំ ២០១៤ បានអនុម័ត។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី ២៦ របស់ខ្លួនរយៈពេល ២ថ្ងៃ គឺថ្ងៃពុធ ទី១១ និងថ្ងៃព្រហស្បតិ៍ ទី១២ កក្កដានៅក្នុង ទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ជំនួបកំពូលដែលចូលរួមដោយប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំង ២៩ប្រទេស ជាសមាជិកអូតង់។ អ្វីជាការកត់សម្គាល់នៅក្នុងជំនួបកំពូលឆ្នាំនេះ គឺសង្រ្គាមពាក្យសម្តីរវាងអាមេរិករបស់លោកដូណាល់ ត្រាំ នឹងប្រទេសសមាជិកផ្សេងទៀត ពិសេស នៅអឺរ៉ុប។
លោកប្រធានាធិបតីអាមេរិកបានទាមទារដល់សម្ពន្ធមិត្តផ្សេងទៀតឲ្យបង់ថវិកាច្រើនជាងនេះសម្រាប់អង្គការអូតង់ និងថា វាពិតជាអយុត្តិធម៌ខ្លាំងណាស់ចំពោះអាមេរិកដែលបានចំណាយលុយច្រើនសម្រាប់ការពារអ្នកដទៃ។ តែក្រៅពីការខ្វែងគំនិតគ្នាក្នុងរឿងថវិកា ថ្នាក់ដឹកនាំអូតង់ក៏ហាក់គ្មានជម្រើសអ្វីក្រៅពីការធ្វើកំណែទម្រង់ចាំបាច់មួយចំនួនដើម្បីសម្របខ្លួនទៅនឹងការគំរាមកំហែងរបស់អង្គការរដ្ឋអ៊ិស្លាម។
ចំណែកវិភាគទានដែលប្រទេសសមាជិកម្នាក់ៗក្នុងអង្គការអូតង់ត្រូវបង់ប្រចាំឆ្នាំមានបរិមាណមិនដូចគ្នាទេ ពោលគឺបាន គិតគូរដោយផ្អែកលើទំហំសេដ្ឋកិច្ចរបស់ប្រទេសសមាជិកនីមួយៗ។ ប្រទេសសមាជិកណាដែលមានទំហំសេដ្ឋកិច្ចធំត្រូវបង់លុយច្រើន ហើយប្រទេសសមាជិកណា ដែលមានទំហំសេដ្ឋកិច្ចតូចត្រូវបង់លុយតិច។ នេះជាអ្វីដែលមានចែងនៅក្នុងច្បាប់ផ្ទៃក្នុងរបស់អង្គការអូតង់។ បច្ចុប្បន្ននេះ អាមេរិកតែម្នាក់ឯងបានផ្តល់ ២០% នៃថវិកាសរុបរបស់អង្គការអូតង់ ហើយសមត្ថភាពយោធាក្នុងកម្លាំងអូតង់ដល់ទៅ ៧៥% ត្រូវបានធានារ៉ាប់រងដោយអាមេរិក។ អ្វីដែលលោកត្រាំកំពុងបន្តទាមទារយ៉ាងទទូចពេលនេះ គឺសុំឲ្យប្រទេសសមាជិកផ្សេងនៅអឺរ៉ុបគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាជំនួបកំពូលអូតង់ឆ្នាំ ២០១៤។
កិច្ចព្រមព្រៀងឆ្នាំ ២០១៤ បានតម្រូវ ឲ្យប្រទេសសមាជិកផ្សេងដំឡើងថវិកាយោធាឲ្យបាន ២% នៃផលិតផលសរុប ក្នុងស្រុកចាប់ពីពេលនេះដល់ឆ្នាំ ២០២៤។ តែមកដល់ពេលនេះ ទើបមាន ៤ប្រទេសគត់ដែលសម្រេចបានកម្មវត្ថុមួយនេះ គឺអាមេរិក អង់គ្លេស ក្រិក និងប្រទេស អេស្តូនី ហើយ ៤ប្រទេសទៀត គឺលីទុយ អានី ឡេតូនី ប៉ូឡូញ និងប្រទេសរូម៉ានីគ្រោងនឹងសម្រេចបាននៅដំណាច់ឆ្នាំ ២០១៨។ ចំណែកប្រទេសអឺរ៉ុបប្រមាណ ជា ១៥ប្រទេសផ្សេងទៀត ក្នុងនោះមាន ទាំងអាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងបែលហ្ស៊ិកដែលជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលឆ្នាំនេះ បូកនឹងប្រទេសកាណាដាកំពុង មានថវិកាយោធាមិនដល់ ១,៤% នៃ ផលិតផលសរុបក្នុងស្រុក និងប្រហែលជាមិនអាចសម្រេចបានកម្មវត្ថុ ២% ទេ។
ដូច្នេះ ការដែលលោកត្រាំបានទាមទារ ដាស់តឿន ក្រើនរម្លឹកពេលនេះអាចជារឿង សមហេតុ សមផលមួយ ព្រោះអាមេរិកក្នុងជំនាន់លោកអូបាម៉ាក៏ធ្លាប់បានក្រើនរម្លឹកដូចគ្នានេះដែរ។ តែខុសពីលោកអូបាម៉ា ដែលចូលចិត្តប្រើធម៌ត្រជាក់ លោកត្រាំបានប្រើធម៌ក្តៅដោយចេញមុខគំរាមត្រង់ៗតែម្តង។
អង្គការអូតង់គ្រាន់ជាស្ថាប័នពហុជាតិមួយទៀតដែលកំពុងទទួលរងការវាយ ប្រហារពីលោកដូណាល់ ត្រាំ។ តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកមក លោកត្រាំបានឆ្កឹះឆ្កៀល សើរើសឹងគ្រប់ កិច្ចព្រមព្រៀងទាំងអស់ មានទាំងកិច្ចព្រមព្រៀងទ្វេភាគីរវាងអាមេរិក នឹងប្រទេស មួយចំនួន និងកិច្ចព្រមព្រៀងអន្តរជាតិដែលបានចុះហត្ថលេខាដោយប្រធានាធិបតី អាមេរិកមុនៗ។ ជាក់ស្តែង លោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដំឡើងពន្ធលើទំនិញរបស់ប្រទេសផ្សេងដែលនាំចូលអាមេរិក និងកំពុងបន្ត គំរាមលើកិច្ចព្រមព្រៀងផ្សេងៗទៀត។
អ្វីដែលលោកត្រាំកំពុងបន្តអាក់អន់ ស្រពន់ចិត្ត គឺការដែលអាមេរិកកំពុងត្រូវ បានអ្នកផ្សេង ដើរខ្សែលើ។ លោកត្រាំ យល់ឃើញថា អាមេរិកមិនអាចបន្តបម្រើ ឲ្យប្រយោជន៍ឲ្យអ្នកដទៃជាងប្រយោជន៍អាមេរិកខ្លួនឯងបានទៀតឡើយ ព្រោះ វាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ ពលរដ្ឋអាមេរិកាំង។ អ្វីដែលលោកត្រាំចង់ បាន គឺទំនាក់ទំនងស្មើភាព និងការដោះដូរពាណិជ្ជកម្មស្មើភាពដោយគ្មាននរណា កេងចំណេញលើនរណាឡើយ។ សម្រាប់ លោកត្រាំ អង្គការអូតង់បានផ្តល់ប្រយោជន៍ឲ្យអឺរ៉ុបជាងអាមេរិក តែសម្រាប់ក្រុមអ្នក វិភាគ គឺអាមេរិកដែលកំពុងទទួលបាន ប្រយោជន៍ច្រើនពីអង្គការអូតង់៕ ម៉ែវ សាធី