ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងធនាគារពិភពលោក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានប្រមាណ ២០០ លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ០២ ដែលមានទឹកប្រាក់សរុបចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក ដែលរួមមាន៖១) គម្រោងកែលម្អការអប់រំឧត្តមសិក្សា (គោលដៅបង្កើនគុណភាពប្រព័ន្ធអប់រំសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម) និង ២) គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ជំហានទី ២ ជាហិរញ្ញប្បទានបន្ថែម (ផ្តោតទៅលើការពង្រីកបណ្តាញផ្លូវគមនាគមន៍ពីមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកសមុទ្រជ្រៅតែមួយគត់របស់ប្រទេស ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ), នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ៤រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ «ខ្ញុំសូមកោតសរសើរ និងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការជាមួយគ្នាក្នុងស្មារតីយោគយល់គ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងទាំងពីរនេះបានចេញជាផ្លែផ្កា។» លោក បន្ថែមទៀតថា៖ «ដូចលោក លោកស្រីបានជ្រាបហើយ ការអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញគឺសំខាន់ណាស់ក្នុងការឈានទៅសម្រេចគោលដៅដូចបានប្រមើលទុកនៅក្រោម “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥” របស់កម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅក្នុងប្រទេស ពីឧស្សហកម្មមួយដែលពឹងផ្អែកលើពលកម្ម ឱ្យទៅជាឧស្សាហកម្មមួយដែលពឹងផ្អែកលើជំនាញ ត្រឹមឆ្នាំ២០២៥។ ការចុះហត្ថលេខាលើគម្រោងទាំងនេះនៅថ្ងៃនេះជាការជំរុញរដ្ឋាភិបាលនៅក្នុងការប្តេជ្ញាចិត្តឈានទៅសម្រេចវត្ថុបំណងដ៏សំខាន់របស់គម្រោងទាំងនេះឱ្យបាន។»

គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEICP) និង គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ (RAMP II) បានទទួលការអនុម័តដោយក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក តាមលំដាប់លំដោយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

តាមរយៈគម្រោង HEICP ដែលមានតម្លៃទឹកប្រាក់ ៩០លានដុល្លារអាមេរិក ធនាគារពិភពលោកនឹងជួយដល់ការខិតខំរបស់ប្រទេសកម្ពុជាក្នុងការបង្កើនគុណភាពប្រព័ន្ធអប់រំឧត្តមសិក្សា និងការស្រាវជ្រាវ និងដើម្បីពង្រីកឱ្យកាន់តែទូលាយថែមទៀតនូវលទ្ធភាពទទួលបានការអប់ឧត្តមសិក្សាសម្រាប់សិស្សក្រីក្រ។ គម្រោងដែលមានអាយុកាលប្រាំមួយឆ្នាំនេះនឹងផ្តោតទៅលើការកែលម្អមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ ព្រមទាំងកម្មវិធីសិក្សាផ្នែកកសិកម្មផងដែរ ជាមួយនឹងគោលដៅបំពាក់ឱ្យនិស្សិតបញ្ចប់ការសិក្សានូវជំនាញពាក់ព័ន្ធនិងអាចផ្ទេរបាននានា ដែលអាចជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើអន្តរកម្មពីបែបផែនសេដ្ឋកិច្ចអតិពលកម្ម ឱ្យក្លាយទៅជាសេដ្ឋកិច្ចមួយដែលជំរុញទៅមុខដោយចំណេះដឹង។

សកម្មភាពធំៗទាំងប្រាំរបស់គម្រោងនេះរួមមាន៖ ការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវនៅតាមផ្នែកមុខវិជ្ជាអាទិភាព ការបង្កើនចំនួនថ្នាក់រៀននិងមន្ទីរពិសោធន៍, ការសង់សយនដ្ឋានសម្រាប់និស្សិតក្រីក្រស្នាក់នៅ ដូចជានិស្សិតមកពីគ្រួសារក្រីក្រ និងមកពីតំបន់ដាច់ស្រយាល រួមទាំងនិស្សិតស្រ្តីផងដែរ, ការពង្រឹងប្រព័ន្ធធានាគុណភាពនិងប្រព័ន្ធព័ត៌មាន, និងការសហការជាមួយដៃគូអន្តរជាតិដើម្បីកែលម្អកម្មវិធី និងវិធីសាស្ត្របង្រៀនលើមុខវិជ្ជាអាទិភាព។

ទឹកប្រាក់ចំនួន ១១០លានដុល្លារអារមេរិក ដែលជាហិរញ្ញប្បទានបន្ថែមសម្រាប់គម្រោង RAMP II មានគោលដៅកែលម្អលក្ខខណ្ឌ សុវត្ថិភាព និងភាពធន់អាកាសធាតុរបស់ផ្លូវជាតិលេខ៤។ ផ្លូវជាតិមួយនេះកំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកណាស់ ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង។ ជំនួយហិរញ្ញប្បទានបន្ថែមនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់បង្កើនគុណភាពបណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រ ឱ្យល្អជាងមុន និងការរៀបចំកែលម្អចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាមរចនាបទបែបនវានុវត្តន៍ និងមានភាពធន់ទៅនឹងអាកាសធាតុ។

គម្រោងនេះ ក៏នឹងផ្តោតផងដែរទៅលើការបង្កើនគុណភាពស្ថានីយថ្លឹងទម្ងន់រថយន្តធំដែលមានស្រាប់ កាត់បន្ថយហានិភ័យនៃការដឹកលើសទម្ងន់ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនបើកបរ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ជាសារវន្តណាស់សម្រាប់ប្រទេសកម្ពុជាវិនិយោគទៅលើមូលធនមនុស្សរបស់ខ្លួន និងលើកកម្ពស់ ជំនាញយុវជនខ្មែរ ដែលពួកគេមានលទ្ធភាពប្រកួតប្រជែងនៅក្នុងបែបផែនសេដ្ឋកិច្ចនាពេលអនាគតបាន។ ការបិទគម្លាតនៃកង្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏មានសារៈសំខាន់ជាសារវន្តដែរ ដើម្បីលើកតម្កើងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងជំរុញការអភិវឌ្ឍវិស័យឯកជន។» លោកស្រីបន្ថែមទៀតថា៖ «ការចុះហត្ថលេខាក្នុងថ្ងៃនេះបង្ហាញថា ធនាគារពិភពលោកនៅបន្តភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា។»

គម្រោងទាំងពីរនេះទទួលហិរញ្ញប្បទានតាមរយៈឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ប្រទេសក្រីក្រជាងគេ។ ជំនួយទាំងនេះជាឥណទានគ្មានការប្រាក់ ដែលមានអាយុសងឱ្យគ្រប់វិញរយៈពេល ៣៨ឆ្នាំ រួមមានក្នុងនោះរយៈពេលអនុគ្រោះប្រាំមួយឆ្នាំផង៕


ចែករំលែក៖