ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ៖ សហភាពអឺរ៉ុបមិនត្រូវបង្ខំឲ្យកម្ពុជាបោះបង់ចោលឯករាជ្យរបស់ខ្លួនឡើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានផ្ដាំផ្ញើទៅគណៈកម្មការសហភាពអឺរ៉ុប(EU)ថា ត្រូវដឹងសភាពការណ៍ជាក់ស្ដែងនៅកម្ពុជាមិនគ្រាន់តែមាននិន្នាការទៅរកអតីតគណបក្សសង្គ្រោះជាតិមកបង្ខំឲ្យកម្ពុជាបោះបង់ចោលឯករាជ្យរបស់ខ្លួនដើម្បីទទួលបាននូវអនុគ្រោះពន្ធនោះទេ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុបចេញពីទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨បាន ឲ្យដឹងថា សហភាពអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្មបានព្រមានដកកម្ពុជាចេញពីគម្រោងអនុគ្រោះពន្ធដោយអះអាងថា ជា វិធានការចុងក្រោយប្រសិនបើរាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្តារឡើងវិញ នូវបញ្ហាសិទ្ធិមនុស្សសិទ្ធិការងារ និងនយោ បាយនៅកម្ពុជាត្រូវបរាជ័យ ។

ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុលោក ស្រី Cecillia Malmstrom បានថ្លែងថា សហភាពអឺរ៉ុបមានមោទនភាពផ្ដល់ឲ្យ ប្រទេសដែលងាយរងគ្រោះបំផុតខាងសេដ្ឋកិច្ចនៅជុំវិញពិភពលោកជាមួយនឹងការ ទទួលបានដោយសេរីការនាំចូលទំនិញទៅ កាន់ទីផ្សារ។ គំនិតផ្តួចផ្ដើមនៃអ្វីៗទាំងអស់ លើកលែងតែអាវុធ (Everything But Arms) មានឥទ្ធិពលជាសំខាន់ទៅលើការអភិវឌ្ឍ និងការលុបបំបាត់ភាពក្រីក្រនៅ កម្ពុជា ។

ស្នងការពាណិជ្ជកម្មបានបញ្ជាក់ថា ការ ដកប្រទេសកម្ពុជាចេញពីគ្រោងការណ៍ ពាណិជ្ជកម្មជាវិធានការនៃជម្រើសចុងក្រោយប្រសិនជាកិច្ចខិតខំប្រឹងផ្សេងទៀត ទាំងអស់របស់យើងបានបរាជ័យដើម្បីដោះស្រាយការព្រួយបារម្ភទាំងនេះ ។

លោក សុខ ឥសាន បានអះអាងថា សហភាពអឺរ៉ុបព្រមានដកកម្ពុជាចេញពី គម្រោងអនុគ្រោះពន្ធ បញ្ហាទាំងនេះជា រឿងរបស់ពួកគាត់ ដូច្នេះកម្ពុជាគ្មានសិទ្ធិ អំណាចមករារាំងពួកគាត់ឡើយ។ ប៉ុន្ដែ គាត់ត្រូវតែផ្សារភ្ជាប់នឹងសភាពការណ៍ពិត ជាក់ស្ដែងនៅកម្ពុជាមិនត្រូវគ្រាន់តែមាន និន្នាការនយោបាយកាន់ជើងអតីតបក្ស ប្រឆាំង ហើយមកបង្ខំឲ្យកម្ពុជាឲ្យបោះបង់ចោលឯករាជ្យនិងអធិបតេយ្យភាពរបស់ខ្លួនដើម្បីបានទទួលការអនុគ្រោះពន្ធនោះទេ។

លោកបានបន្តទៀតថា ប្រសិនបើសិទ្ធិ មនុស្សនៅកម្ពុជាមានការធ្លាក់ចុះពិតមែន ដូច្នេះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសរស់ មិនបានឡើយដូចទៅក្នុងរបបសាធារណ រដ្ឋខ្មែររបស់លោក លន់ នល់ ក៏ដូចជារបប កម្ពុជាប្រជាធិបតេយ្យបាត់ទៅហើយ ។

លោកបញ្ជាក់ថា ការវាយតម្លៃរបស់ សហភាពអឺរ៉ុបមកកម្ពុជាបានផ្ទុយដោយសារតែកម្ពុជាមានការគោរពសិទ្ធិមនុស្ស លើកកម្ពស់លទ្ធិប្រជាធិតេយ្យ សេរីពហុ បក្សនេះហើយបានជាកម្ពុជាដំណើរការដោយរលូនក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ដោយសារតែកម្ពុជា មានសិទ្ធិសេរីភាព និងមានការគោរពសិទ្ធិ មនុស្សទើបកម្ពុជាមានលទ្ធិប្រជាធិតេយ្យដែលបានដំណើរការដោយរលូន ៕ ហេង សូរិយា


ចែករំលែក៖