ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍កំពុងបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស័រគីឡែត មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ បត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចច្រកចូលផ្សារទំនើបអ៊ីអ៊នទី២ ផ្លូវឧកញាម៉ុងរឹទ្ធី កែងនឹងផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាក្សីថា បុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ស ជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ព្រះសីហនុ5A-0150 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបត់ឆ្វេងទៅផ្លូវឧកញាម៉ុងរឹទ្ធី ស្រាប់តែមានម៉ូតូ ស៊ុយស័រគីឡែត ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពត់1L-2257 ធ្វើដំណើរដោយបុរសម្នាក់ តាមផ្លូវឧកញាម៉ុងរឹទ្ធី ពីលិចទៅកើត ល្បឿនលឿន ដល់ផ្លូវខ្វែង បុករថយន្ត ហើយរថយន្តកិនម៉ូតូអូសជិតដប់ម៉ែត្រខូចខាត ហើយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ អ្នកបើកបរថយន្តបានព្យាយាម គេចខ្លួនតែពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

ម៉ូតូនិងរថយន្ត និងអ្នកបើកបរ សមត្ថកិច្ចជំនាញយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖