ខេត្តសៀមរាប: យុវជនម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងសៀមរាប ឃាត់ខ្លួនបានភ្លាមៗ ខណៈធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសម្នាក់ កាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃ ចន្ទ ៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតកន្លែងទិញសំបុត្រចូលទស្សនាប្រាសាទ ស្ថិត ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
តាមសមត្ថកិច្ចនគរបាលក្រុងសៀមរាបបានឲ្យដឹងថា មុនេពេលកើតហេតុមានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូប ក្នុងកន្រ្តកកង់ជនបរទេសមញនាក់ដែល កំពុងជិះកង់ទៅទស្សនា តំបន់ប្រាសាទអង្គរវត្តធ្វើឲ្យ ជនរងគ្រោះស្រឡាំងកាំងបានស្រែកឆោឡោ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប ដែលនៅប្រចាំការក្បែរនោះ ឃើញទាន់ ក៏នាំគ្នាតាមប្រមាញ់ហើយជនសង្ស័យទាំងពីរនាក់ ភ័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅ ក្នុងបរិវេណព្រៃអង្គរ។ភ្លាមនោះដែរសមត្ថកិច្ចទាក់ទងកម្លាំងបន្ថែម ដោយមានសហការ ជាមួយនគរបាលការពារបេតិកភ័ណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការចូលរួមពីបងប្អូនប្រជាការពារ បានតាម ស្វែងរកជនសង្ស័យទាំងពីរនាក់ រហូតឃាត់ខ្លួន បានជនសង្ស័យម្នាក់ និងដកហូតម៉ូតូ បានចំនួន១គ្រឿង និងស្វែងរកឃើញកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យបានបោះចោលក្នុងព្រៃបានមកវិញ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ រស់ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ អន្លង់វិល ឃុំ/ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះឈ្មោះ kim Hyemin ភេទស្រី អាយុ៣២ ឆ្នាំជនជាតិកូរ៉េខាងត្បូង។ដោយឡែកវត្ថុតាងដកហូតបានមកវិញ បានប្រគល់ជូនជនរងគ្រោះវិញ រួមមាន៖
ទូរស័ព្ទម៉ាកIphone x ពណ៌ខ្មៅ១គ្រឿង ទូរស័ព្ទម៉ាក samsung ពណ៌ទឹកមាស១គ្រឿង កាមេរ៉ា១គ្រឿង Power bank ពណ៌ស១គ្រឿង ឆ័ត្រ០១ និង ប្រាក់ចំនួន ១០០$ ព្រមទាំងសម្ភារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ចំណែកបក្សពួករបស់ជនសង្ស័យ ដែលបានរត់គេចខ្លួនបាត់នោះ នគរបាល បានធ្វើការកំណត់អត្តសញ្ញាណរួចរាល់ហើយ និងកំពុងធ្វើការស្វែងរក ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យបាន ៕ ប្រាថ្នា