ព័ត៌មានទាន់ហេតុការណ៍៖

បន្លំជាព្រះសង្ឃរំអុកសុំបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋឲ្យផ្ញើលុយតាមវីង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបង្ក្រាបបាន

ចែករំលែក៖

ខេត្តកណ្តាល៖ ជាក់ស្តែង នៅថ្ងៃទី ១៤.១៥.១៦ ខែកក្កដា ២០១៨ មានព្រះសង្ឃក្លែងមួយអង្គ បានទូរស័ព្ទមកប្រជាពលរដ្ឋសុំបិណ្ឌបាត្របច្ច័យយកទៅកសាងសមិទ្ធិផលក្នុងវត្ត “វិហារកោះអណ្តែត” ពេលនោះជនរងគ្រោះ បានឆ្លើយតបវិញថាៈ បានផ្តល់ជាបច្ច័យ ម្តងជាពីរដងរួចហើយ ពុំមានលទ្ធភាពផ្តល់បច្ច័យទៀតទេ សូមព្រះអង្គកុំទូរស័ព្ទមកទៀត តែព្រះសង្ឃអង្គនោះ នៅតែជ្រក់ជ្រេញបន្តទូរស័ព្ទជនរងគ្រោះជាច្រើនលើកច្រើនសារទាំងយប់ទាំងថ្ងៃ រកពេលសម្រាកគ្មាន ។ ដោយមានការធុញទ្រាន់ និងមានកិច្ចការច្រើនផង ក៏បានប្តឹងមកជំនាញ កងរាជអាវុធហត្ថ ។

នៅក្នុងការសារសងតាមទូរស័ព្ទ ព្រះសង្ឃក្លែងរូបនោះបានពោលពាក្យមិនគប្បីជាអ្នកបួសរៀនទេ និងបានប្រមាថដាក់ទំនាយមកលើជំនាញទៀតផង ។

ដោយយល់ឃើញថាៈ ពាក្យសម្តីមិនសមរម្យបែបនេះ ធ្វើឲ្យមានការសង្ស័យជំនាញ កងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវ និងធ្វើការទំនាក់ទំនងជាមួយព្រះចៅអធិការវត្ត ព្រះនាម ឈឹម សុផល គង់នៅវត្ត “វិហារកោះអណ្តែត” នៅស្រុកពញាឮ ខេត្តកណ្តាល រហូតបានដឹងថាៈ ព្រះសង្ឃអង្គនោះគង់នៅក្នុងវត្តនោះ ក៏បានអញ្ជើញមកសាកសួរនៅអង្គភាពវេលាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ។

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងថា តាមការបំភ្លឺរបស់ព្រះសង្ឃក្លែងអង្គនេះមានប្រវត្តិដូចខាងក្រោមឈ្មោះពិតប្រាកដ ប៉ោង វិត ឆ្នាំកំណើត ១៩៩៧ មានស្រុកកំណើត ភូមិស្យា ឃុំ.ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ឪពុកឈ្មោះ ចេង ប៉ោង (ស្លាប់) ម្តាយឈ្មោះ ស្រី លាង (កសិករ) រស់នៅភូមិ.ឃុំទួលតាឯក ក្រុង.ខេត្តបាត់ដំបង បានបួសជាព្រះសង្ឃគង់នៅវត្ត “សូរិយា” នៅសង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១០ ក្រោយមកបានមកគង់នៅវត្ត “បុទុមវត្តី” ភ្នំពេញ រយៈពេល០៦ឆ្នាំ ចេញមករៀនបន្តនៅវត្ត “ពោធិ៍វាល” ខេត្តបាត់ដំបង រួចចេញពីនោះ មកគង់នៅវត្ត “ទេពសន្យា” ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅក្នុងឆ្នាំ២០១៨ មុនចូលឆ្នាំខ្មែរ ។

ក្រោយចូលឆ្នាំខ្មែរ មកគង់នៅវត្ត “សារ៉ាវ័ន្ត” បន្ទាប់មកចេញមកវត្ត “ពុទ្ធមណ្ឌល” បានមួយរយៈក៏បានមកគង់នៅវត្ត “វិហារកោះអណ្តែត” ស្ថិតក្នុងភូមិភ្នំបាត ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ រយៈកាលប៉ុន្មានខែមុន “ខ្ញុំបានមកផ្ទះជនរងគ្រោះ ហើយទំនាក់ទំនងបានជួបគាត់ដោយផ្ទាល់ សុំបិណ្ឌបាត្របច្ច័យពីគាត់បានចំនួន២០០ដុល្លា ក្រោយមកបាន៥០ដុល្លាទៀត តាមរយៈដក “វីង” ។ រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះជាថ្មីទៀត សុំបិណ្ឌបាត្របច្ច័យកសាងរោងបាយនៅក្នុងវត្ត “វិហារកោះអណ្តែត” ពេលនោះជនរងគ្រោះមិនបានឆ្លើយតបទេ ខ្ញុំនៅតែទូរស័ព្ទទៅគាត់ជាច្រើនលើកច្រើនសារម្តងហើយម្តងទៀត រហូតដល់គាត់បានប្រាប់ខ្ញុំទាក់ទងទូរស័ព្ទជាមួយកូនចៅរបស់គាត់វិញ ។

បន្ទាប់ពីទាក់ទងជាមួយកូនចៅគាត់ហើយ កូនចៅគាត់នោះបានឲ្យខ្ញុំមកយកបច្ច័យចំនួន២០០ដុល្លា នៅផ្ទះគាត់ ប៉ុន្តែខ្ញុំបដិសេធមិនទៅទេ ឲ្យផ្ញើតាម “វីង” មកព្រោះខ្ញុំធ្លាប់ត្រូវបានគេម្នាក់ (មិនបញ្ចេញឈ្មោះ) ហៅខ្ញុំទៅយកប្រាក់បច្ច័យដូចគ្នា ហើយបានហៅសមត្ថកិច្ចមកឃាត់ខ្ញុំតែម្តង ហេតុដូចនេះទើបខ្ញុំមិនហ៊ានមកយក នៅផ្ទះគាត់ ។ ចំពោះការសុំបច្ច័យពីជនរងគ្រោះ គឺខ្ញុំបានទូរស័ព្ទទៅរកគាត់ផង និងកូនចៅរបស់គាត់ផងរាល់ថ្ងៃរាល់ម៉ោងរាល់ពេល គឺនៅថ្ងៃទី១៤.១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់មក ក៏មានសមត្ថកិច្ចអញ្ជើញរូបខ្ញុំមកសាកសួរតែម្តង ។

ជំនាញបានធ្វើការទំនាក់ទំនងទៅធម្មការក្រុងតាខ្មៅ ដើម្បីសាកសួរព័ត៌មាន និងបានឲ្យដឹងថាៈ ព្រះសង្ឃព្រះនាម ប៉ោង វិត នេះត្រូវបានគណៈកម្មាការធម្មការខេត្តពោធិ៍សាត់បានផ្សឹករួចទៅហើយ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ មូលហេតុ ដើររៃអង្គាសបច្ច័យដោយគ្មានការអនុញ្ញាតិពីព្រះចៅអធិការ និងមានស្រីញីទៀតផង ការផ្សឹកនេះធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់សាលាគណរាជធានីភ្នំពេញ ហើយថ្មីៗនេះ បុគ្គលឈ្មោះ ប៉ោង វិត បានមកឆបោកប្រាក់ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ដោយតាំងខ្លួនជាព្រះសង្ឃដដែល ។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជំនាញបានប្រគល់បុគ្គលឈ្មោះ ប៉ោង វិត ទៅឲ្យលោក ហ៊ីង សុភាព ប្រធានការិយាល័យធម្មការ និងសាសនាក្រុងតាខ្មៅ ជាមួយនឹងព្រះតេជគុណ ខេង លាងហ៊ី លេខាអនុគណក្រុងតាខ្មៅ ដើម្បីយកទៅសាកសួរ និងចាត់ចែងតាមពុទ្ធវិន័យ ដោយផ្សឹក និងឲ្យធ្វើកិច្ចសន្យា នៅវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ៕ ឆ ដា


ចែករំលែក៖