ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាចេញពីធ្វើការ ស្រាប់តែត្រូវរថយន្តធុនធំមួយគ្រឿងមិនស្គាល់ម៉ាកបើក បុក និងកិនស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតត្រូវរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរារណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីយប់ ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវទំនប់កប់ស្រូវកែង និងផ្លូវលំចូលក្នុងភូមិទួលសំពៅសង្កាត់គោករការខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំង ក៏ជ្រុលទៅបុកម៉ូតូស្មាស់វី ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CY-3763 បើកបរដោយយុវជនពីរនាក់ស្របទិសគ្នាពេញទំហឹងបណ្តាលឲ្យដួលម៉ូតូខ្ទាតមនុស្សចូលក្រោមរថយន្តហើយកិនក្បាលបណ្ដាលឲ្យយុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កបើករត់គេចដោយសុវត្ថិភាព ។
អ្នកឃើញហេតុការណ៍បន្តថា តាមផ្លូវទំនប់កប់ស្រូវមួយខ្សែនេះមានសភាពងងឹតខ្លាំង គ្មានភ្លើងបំភ្លឺផ្លូវទេ ចំណែករថយន្តបើកបរលឿនៗមិនគោរពច្បាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃស្ទើរតែមិនលោះថ្ងៃណាទេ ជាពិសេសរថយន្តដឹកដីរបស់ តាកៅតែម្តង ។
ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ សុខ សន្យាហៅក្រៅ(អាបាំង)ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរធ្វើការនៅក្រុមហ៊ុនផលិតទឹកសុទ្ធ វិតាល់ នៅជិតសាលាកូរ៉េស្ថិតក្នុងភូមិសំរោងណ្តាលសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកអ្នករងរបួសនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយកំពុងជួយសង្គ្រោះនៅគ្លីនិកឯកជន ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមក នឹងប្រគល់ជូនវិញ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទាក់ទងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ធឿនព្រែកជ័យ