ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានអាកាសផ្សារដីហុយ ដោះស្រាយបានមួយកម្រិត តែការកកស្ទះចរាចរ នៅតែមាននិងខ្លាំងចាប់ពីគល់ស្ពានដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរបិទច្រកឆ្លងកាត់៣កន្លែង

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ពិសេសចាប់ពីគល់ស្ពានអាកាសផ្សារដីហុយ ដល់ពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីស្ពានអាកាសផ្សារដីហុយ ឬស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ហើយក្តី ។

ពាក់ព័ន្ធនឹងការកកស្ទះចរាចរណ៍ ខាតម៉ោងខាតពេលនេះ ប្រជាពលរដ្ឋដែលជាអ្នកដំណើរបានសូមឲ្យមន្ត្រីជំនាញ ពិសេសក្រសួង មន្ទីរសាធារណការសិក្សាឡើងវិញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរនៅតំបន់នេះឲ្យបានប្រសើរឡើងវិញ ។

ប្រជាពលរដ្ឋបានលើកឡើងថា ការស្ថាបនាស្ពានអាកាស មិត្តភាពកម្ពុជា_ចិនសែនសុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ពួកគាត់ពិតជារីករាយណាស់ ដោយសារគិតថា សមិទ្ធផលថ្មីនេះ នឹងអាចដោះស្រាយការកកស្ទះកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី បានប្រសើរឡើង តែដឹងអី ពោលគឺក្រោយពីកសាងនិង បើកឲ្យដំណើរការប្រើប្រាស់ អាកាសស្តុបផ្សារដីហុយហើយ កំណាត់ផ្លូវនេះ ពិសេសនៅតំបន់ផ្សារទឹកថ្លានៅតែដោះស្រាយការកកស្ទះមិនបានដដែរ ។ ដោយពួកគាត់ត្រូវប្រើប្រាស់ពេលវេលាយ៉ាងយូរទើបអាចរំដោះខ្លួនចេញពីការកកស្ទះនេះបាន ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ពួកគាត់មិនមែនជាអ្នកជំនាញទេ តែបើតាមពួកគាត់ពិនិត្យមើលនឹងភ្នែកជាក់ស្តែង និងជាអ្នកបានធ្វើដំណើរឆ្លងកាត់តា់មបណ្តោយផ្លូវនេះជាក់ស្តែង គឺការកកស្ទះចរាចរនេះបណ្តាលមកពីមូលហេតុមួយចំនួន ក្នុងនោះរួមមានយានយន្តចេញពីម្តុំក្រោយផ្សារទឹកថ្លាមកផ្លូវសហព័ន្ធរុស្ស៊ីច្រើន ហើយអ្វីដែលបង្កឲ្យមានការកកស្ទះចរាចរខ្លាំងនោះ គឺការបង្កើតឲ្យមានផ្លូវឆ្លង

កាត់របាំងពុះចែកទ្រូងផ្លូវចំនួន៣កន្លែង នោះគឺការបើកឲ្យមានច្រកចេញនិងចូលមុខវត្តទឹកថ្លា ផ្លូវឆ្លងកាត់ខាងកើតវត្តទឹកថ្លានិងការបង្កើតឲ្យមានផ្លូវកាត់របាំងពុះចែកទ្រូងផ្លូវ ជាប់ឈៀងខាងលិចមន្ទីរ ពេទ្យរ៉ូយ៉ាល់ភ្នំពេញ ។

ប្រជាពលរដ្ឋនៅតែបញ្ជាក់ដដែរទៀតថា គាត់មិនមែនជាមន្ត្រីជំនាញទេ តែបើតាមគាត់យល់ ខ្លួនឯង ដើម្បីដោះស្រាយចរាចរនៅតំបន់នេះឲ្យបានធូស្រាលមួយកម្រិត គឺមានតែបិទច្រកផ្លូវឆ្លងកាត់ទាំង៣កន្លែងនេះចោល ពោលគឺ បើអ្នកធ្វើដំណើរពីភ្នំពេញ(ពីកើតទៅលិច) ចង់បត់ឆ្វេងទៅក្រោយផ្សារទឹកថ្លា ឬទៅក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ គួរត្រូវបត់ក្រោម ស្ពាន អាកាសផ្សារដីហុយចំណុច មុខផ្សារផ្លាហ្សារទឹកថ្លា រួចទើបត្រឡប់ក្រោយវិញ(ទៅទិសខាងកើត) ដោយ ឡែកអ្នកដំណើរនៅម្តុំវត្តទឹកថ្លាបើចង់ចូលមកភ្នំពេញគួរត្រូវបត់ក្រោមស្ពាន អាកាសផ្សារដីហុយចំណុចមុខផ្សារផ្លាហ្សារទឹកថ្លានេះដែរ ។ ដោយហេតុថា ចំណុចបត់នេះមិនមានចរាចរមមាញឹកនោះទេ ។

គួរបញ្ជាក់ថា ស្ពានអាកាសមិត្តភាពកម្ពុជា_ចិនសែន សុខ ហៅស្ពានអាកាសស្តុបផ្សារដីហុយ ដែលមានទីតាំងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០២កក្កដា នេះក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលស្ពានអាកាសថ្មីនេះមានបណ្តោយ៩០៥ម៉ែត្រ ទទឹង១៦.៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធ រុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោង ហិរញ្ញប្ប ទាន របស់សាធារណរដ្ឋប្រជាមានិតចិននិងទទួលបានសិទ្ធិសាងសង់ ដោយ ក្រុមហ៊ុន សៀងហៃ រួមនិងការត្រួតពិនិត្យបច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូន ។ ប៉ុន្តែក្រោយបើកឲ្យដំណើរការប្រើប្រាស់ អាកាសស្តុបផ្សារដីហុយនេះហើយ កំណាត់ផ្លូវនេះ ពិសេសនៅតំបន់ផ្សារទឹកថ្លានៅតែដោះស្រាយការកកស្ទះមិនបានដដែរ ។ ដូច្នេះទេ ប្រជាពលរដ្ឋ ជាអ្នកដំណើរបានសូមឲ្យមន្ត្រីជំនាញ ពិសេសក្រសួង មន្ទីរសាធារណការ ធ្វើសិក្សាឡើងវិញ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាការកកស្ទះចរាចរនៅតំបន់នេះឲ្យបានប្រសើរឡើង កុំឲ្យដូចសព្វថ្ងៃនេះកកស្ទះសម្បើមណាស់៕ សំរិត


ចែករំលែក៖