ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី (Guangxi Arts University) បានរៀបចំការប្រគំតន្រ្តី ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងចិន ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូ មកពីសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំនិស្សិត ៣៥រូប មកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ជូនដល់សិស្ស-និស្សិតប៊ែលធី ប្រមាណជាង ៨០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ឯកឧត្តម បណិ្ឌត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោក CHEN Wei អគ្គាធិការរងនៃមន្ទីរអប់រំ ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពី ឯកឧត្តម រ៉េត ច័ន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ធ្វើមតិស្វាគមន៍ និងរបាយការណ៍សង្ខេបស្ដីពី ការរីកចម្រើនរបស់ប៊ែលធី គ្រុបរួចមក លោក CHEN Wei អគ្គាធិការរង នៃមន្ទីរអប់រំ ខេត្តក្វាងស៊ី បានបង្ហាញឱ្យដឹងថា៖ លោកមានសេចក្តីសប្បាយរីករាយណាស់ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអនុញ្ញាតឱ្យនិស្សិតសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី មានឱកាសបានមកធ្វើទស្សនកិច្ចសិក្សា និងសម្តែងរបាំ-ចម្រៀង ដែលជាប្រពៃណី វប្បធម៌ របស់ប្រជាជនចិន ជូនដល់សិស្ស-និស្សិតប៊ែលធីនាពេលនេះ ក្នុងគោលបំណង រឹតចំណងមិត្តភាព កម្ពុជា-ចិន ក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី ឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ ទីក្រុងបានឌុង នៅខែមេសា ១៩៥៥ នៅប្រទេសឥណ្ឌូនេស៊ី និងការបំពេញទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកដល់ពេលបច្ចុប្បន្ន។ ដើម្បីចូលរួមអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយ សាកលវិទ្យាល័យ សិល្បៈ ខេត្តក្វាងស៊ី រៀបចំការប្រគំតន្រ្តី សិល្បៈ វប្បធម៌ ដែលមានការចូលរួមសម្តែងដោយនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ។
ឯកឧត្តម បណ្ឌិត បានបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ប្រកបដោយស្ថេរភាពនយោបាយ សេដ្ឋកិច្ចមានការរីកដុះដាល និងមានការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ជាពិសេស គឺបន្តរក្សាចំណងមិត្តភាព កម្ពុជា-ចិន រវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក៏ដូចជា រវាងប្រជាជាតិ និងប្រជាជាតិ ឱ្យបានកាន់តែល្អប្រសើរ និងស្និតស្នាលបន្ថែមទៀត ៕ ស រស្មី