ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រិយ៌នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហរទ័យត្រាស់បង្គាប់ឲ្យលោកស្រី កែ គឹមហូយ ព្រះរាជលេខាផ្ទាល់នាំយកនូវព្រះរាជទ្រព្យជាថវិកាចំនួន១១០០០ពាន់ដុល្លារ និងគ្រឿងឧបភោគបរិភោគព្រមទាំងបរិក្ខាមួយចំនួនដល់សមាគមតន្ត្រីសំនៀងជនពិការ ដើម្បីចូលរួមចំណែកក្នុងការសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញសម្រាប់ជនពិការស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
កម្មវិធីប្រគល់នូវព្រះរាជទ្រព្យ និងគ្រឿងឧបភោគបរិភោគព្រមទាំងបរិក្ខាមួយចំនួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។
លោកស្រីកែ គឹមហូយ ព្រះរាជលេខាផ្ទាល់សម្តេចព្រះមហាក្សត្រិយ៌បានមានប្រសាសន៍លើកឡើង ពីព្រះរាជបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចព្រះមហាក្សត្រិយ៌ដល់កូនចៅចៅទួតទាំងអស់ ដែលជាជនពិការ ដែលព្រះអង្គតែងតែយកព្រះរាជហ័រទ័យគិតគូរពីសុខទុក្ខពីកូនចៅ ចៅទួត ដែលជាជនពិការរបស់ព្រះអង្គតាមរយ:ការប្រោសព្រះរាជទានជាព្រះរាជទ្រព្យជាច្រើនដល់សមាគមជនពិការសម្រាប់ទីតាំងស្នាក់នៅការហូបចុកប្រចាំថ្ងៃ និងថវិកាសម្រាប់សាងសង់អគារបណ្តុះបណ្តាលជាដើម ។
លោកចាបតូ ដែលជាប្រធានសមាគមតន្ត្រីសំនៀងជនពិការតំណាងឲ្យជនពិការទាំងអស់បានសម្តែងនូវទឹកចិត្តត្រេកអរឥតឧបមា និងថ្លែងអំណរព្រះរាជគុណ និងថ្វាយព្រះពរជ័យដល់សម្តេចព្រះមហាក្សត្រិយ៌ ដែលព្រះអង្គបានយកព្រះរាជហរទ័យយកចិត្តទុកដាក់ដល់ជនពិការរបស់ពួកលោកតាមរយ:ការប្រោសព្រះរាជទានជាថវិកានិងសំភារ:ប្រើប្រាស់គ្រឿងហូបចុកក្នុងឱកាសនេះ ។
លោកស្រី ញែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការបានមានប្រសាសន៍លើកឡើងថា នេះជាលើកទី២ហើយ ដែលសម្តេចព្រះហាក្សត្រិយ៍បានប្រោសព្រះរាជទ្រព្យសម្រាប់ជនពិការ ដែលលើកទី១ ចំនួន២៥០០០ដុល្លារចូលរួមចំណែកជាមួយសម្តេចកត្តិព្រទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងការទិញដី ដើម្បីសាងសង់មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាលជំនាញសម្រាប់ជនពិការសរុបថវិកា៧៥០០០ដុល្លារ ។
គួរបញ្ជាក់ថាសមាគមតន្ត្រីសំនៀងជនពិការត្រូវបានបង្កើតឡើងដោយលោកចាបតូ ដែលជាជនពិការភ្នែកនៅឆ្នាំ២០១៣ ដែលមានការទទួលស្គាល់ចុះបញ្ជីពីក្រសួងមហាផ្ទៃក្រោមការជួយជ្រោមជ្រែងពីក្រសួងកិច្ចការនារី៕ វឌ្ឍនា