ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់ ស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈទឹកជំនន់ទឹកភ្លៀងកំពុងតែកើន ឡើង ដែលធ្វើឲ្យលំនៅដ្ឋាន និងដីស្រែ របស់ប្រជាពល រដ្ឋមួយចំនួន ទទួលរងនូវការលិចលង់ ពិសេសប្រជា ពលរដ្ឋដែលរស់នៅស្របជាមួយនឹងដងស្ទឹងព្រែកត្នោត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ អមដំណើរដោយលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជិះទូកចុះពិនិត្យតាមមូលដ្ឋានប្រជាពលរដ្ឋដែលរងការលិចលង់ ដើម្បីពិនិត្យមើលពីស្ថានភាពទឹក ក៏ដូចជាតម្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ថាតើពួកគាត់ចង់បានអ្វី ខ្វះខាតអ្វី យើងអាចជួយពួកគាត់បានភ្លាមៗតែម្តង។ ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យមន្រ្តីមូលដ្ឋាន ពិសេសមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះមកផ្ទាល់ដល់មូលដ្ឋានដែលលិចលង់ ដើម្បីជួយក៏ដូចជាការបង្ការទប់ស្កាត់ ជំងឺតម្កាត់បៀតបៀនផ្សេងៗទៅលើប្រជាពលរដ្ឋ ដែលកំពុងទទួលរងការលិចលង់នេះ។
លោកអភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងឱកាសដែលរាជធានីភ្នំពេញ រងនូវការជន់លិចលង់ដោយទឹកជំនន់ លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងខណ្ឌពោធិ៍សែន ។
លោកបានអំពាវអំនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឲ្យមានលេងនៅតាមដងអូរ ប្រឡាយ ព្រែក ដែលមានទឹក កំពុងមានហូរខ្លាំង ៕ សំរិត