ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ អ៊ីវតឹក លើកទឹកចិត្តឲ្យប្រតិបត្ដិករទូរគមនាគមន៍ អភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅទីជនបទ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក នៅ ថ្ងៃ សៅរ៍ ៩ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកទឹកចិត្តឲ្យប្រតិបត្តិករ បន្តចូលរួមការអនុវត្តកាតព្វកិច្ច សេវាសកលទូរគមនាគមន៍ ដើម្បីជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ នៅទីជនបទប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តីបាន លើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោក ជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (ក.ម.ក.ស.ទ) អញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ទូរស័ព្ទចល័ត របស់ក្រុមហ៊ុនស្មាតអាស្សាតា ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ច សេវាសកលវិស័យទូរគមនាគមន៍ (USO) ស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងពិធីនោះ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើងថា ក្នុងនាមជារដ្ឋសមាជិក នៃមូលនិធិកាតព្វកិច្ច សេវាសកលវិស័យទូរគមនាគមន៍ រដ្ឋាភិបាលកម្ពុជា បានបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម ដោយបាន ខិតខំស្វែងរក ទុនវិនិយោគទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់វិស័យទូរគមនាគមន៍ទាំងចល័ត និងអចល័ត ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ឲ្យបានកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី បន្ថែមថា ជាពិសេសទូរស័ព្ទចល័ត និងអ៊ីនធឺណិត ដោយបំពាក់នូវបច្ចេកវិទ្យា ទំនើបចុងក្រោយ ដូចជាប្រព័ន្ធ 3G 4G និង 4.5G ដែលអាចឲ្យអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Smart Phone អាចប្រើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមនានា និងមើលវីដេអូ បានយ៉ាងទូលំទូលាយ។

លោក បានបន្តទៀតថា សេវាថ្មីៗជាច្រើន ត្រូវបានជ្រាបចូលទៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទាំងការងាររដ្ឋបាល ការងារទំនាក់ទំនង ការប្រកបអាជីវកម្ម ការកម្សាន្ត ការទូទាត់ប្រាក់ និងការផ្ទេរប្រាក់ជាដើមគឺស្របតាមការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យា ប្រជាពលរដ្ឋយើងមួយចំនួន បានចាប់ផ្តើមទទួលបាននូវផលប្រយោជន៍ ដោយការបង្កើតមុខរបរថ្មី ឬពង្រីកមុខរបររបស់ខ្លួន តាមរយៈការលក់ដូរទំនិញ ឬសេវាកម្មតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិត ដែលស្គាល់ជាទូទៅថា ជាពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce) នោះ។

ក្រៅពីនេះ សេវាទាំងនេះ ក៏បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតអាចរៀនសូត្រពីចម្ងាយ (Distance Learning) និងការស្រាវជ្រាវស្វែងរកព័ត៌មាន និងឯកសារល្អៗ ជាជំនួយស្មារតី ដល់ការសិក្សារបស់ខ្លួន។

លោករដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដល់ប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដែលបានចូលរួមបំពេញកាតព្វកិច្ច បង់ថវិកាចូលមូលនិធិកាតព្វកិច្ច សេវាសកលទូរគមនាគមន៍ ដើម្បីជាការរួមចំណែកក្នុងការ បន្តនូវអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹកវិសាលភាព និងប្រសិទ្ធភាព នៃហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល។

ជាពិសេសអរគុណចំពោះ ក្រុមហ៊ុនស្មាត អាស្សាតា ដែលបានអនុវត្តទៅតាមគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយចូលរួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រីកវិសាលភាព សេវាទូរស័ព្ទចល័ត របស់ខ្លួនមកដល់តំបន់នេះ ៕ ប្រាថ្នា

 


ចែករំលែក៖