ព័ត៌មានទាន់ហេតុការណ៍៖

ព្រាប សុវត្ថិ និង ឡេង ណាវ៉ាត់ត្រា រួមគ្នាបើកជំនួញដីឡូតិ៍ទុន៥លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាលោកព្រាប សុវត្ថិ ធ្លាប់បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាលពីថ្មីៗនេះ បន្ទាប់ពីលោកបានបញ្ចេញគម្រោងពោះដីឡូតិ៍នៅខេត្តកំពង់ស្ពឺ ។ ចុងសប្តាហ៍នេះលោកបានបង្ហាញមុខដើម្បីប្រកាសបើកមុខជំនួញនេះជាថ្មីជាមួយតារាចម្រៀងទើបទទួលងារជាឧកញ៉ា លោក ឡេង ណាវ៉ាត់ត្រា ដែលកិច្ចសហការជំនួញនេះមានតម្លៃមិនក្រោម៥លានដុល្លារអាមេរិកនោះទេ ។

ការប្រកាសអំពីកិច្ចសហការនេះបានប្រកាសធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបង្កើតគម្រោងលក់ដីឡូតិ៍ជាមួយគ្នា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ។ កិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងការលក់ដីឡូ ដែលប្រើដើមទុនវិនិយោគចំនួន៥លានដុល្លារសហរដ្ឋអាមេរិក លើផ្ទៃដីចំនួន១៣ហិកតា ដែលមានទីតាំងដីឡូត៍ស្ថិតនៅផ្លូវជាតិលេខ៣ នៅខុនដូ ជាន់ទី១ក្បែរផ្សារព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកកងពិសី ខេត្តកំពង់ស្ពឺ ។

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មូលហេតុដែលលោកសម្រេចចិត្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ និងតារាចម្រៀង ព្រាប សុវត្ថិ គឺដោយសារតែលោក ព្រាប សុវត្ថិ មានកេរ្តិ៍ឈ្មោះល្បីជាយូរមកហើយ ម្យ៉ាងវិញទៀតនៅតែរក្សារកេរ្តិ៍ឈ្មោះរហូតដល់សព្វថ្ងៃនេះ ។ ជាពិសេសលោក ព្រាប សុវត្ថិ ជាអ្នកចម្រៀងដ៏ល្បីមួយរូបនៅក្នុងព្រះជាណាចក្រកម្ពុជា ហើយលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការថ្ងៃនេះ នឹងទទួលបានជោគជ័យយូរអង្វែង ។

លោក ព្រាប សុវត្ថិ បានលើកឡើងថា ចំពោះថ្ងៃនេះលោកសប្បាយចិត្ត ក្នុងការធ្វើកិច្ចសហការជាមួយ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកឧកញ៉ាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតបានក្លាយជាឧកញ៉ាវ័យក្មេងម្នាក់ ។

លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា លោកគឺជាសិស្សប្អូនហើយដែលបានចូលរួមជាមួយ និង លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ហើយគន្លឹះដែលធ្វើឲ្យលោកចាប់ផ្ដើមអាជីវកម្មជាមួយនឹង លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដោយសារតែលោកជាមនុស្ស ដែលទទួលបានជោគជ័យទាំងវ័យក្មេងផងដែរ ។ លោកក៏បានប្រកាសនូវដំណឹងសម្រាប់លើកទឹកចិត្តអតិថិជនដែលទិញដីឡូតិ៍មួយឡូតិ៍ៗ ថែមជូនម៉ូតូមួយគ្រឿងក្នុងរដូវកាលបើកថ្មីនេះផងដែរ ៕ វឌ្ឍនា


ចែករំលែក៖