ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ពីសំណាក់អ្នកភូមិ ក៏ដូចជាប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈប្រទះឃើញសពស្ត្រីម្នាក់បាត់៣ថ្ងៃហើមអណ្តែតក្នុងទឹកស្រះកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា សពឈ្មោះ ស៊ំ កាណូយ អាយុ៤១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិ បាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឲ្យដឹងថាស្ត្រីខាងលើគឺតែងតែផឹកស្រា ស្រវឹងស្ទើរាល់ថ្ងៃ និងដើរដល់ភូមិណាដេកកន្លែង និងមិនថាយប់ ឬក៏ថ្ងៃនោះទេ ។
ប្រភពបន្តថា មុនថ្ងៃកើតហេតុគឺក្រុមគ្រួសារបានដើរស្វះស្វែងរកស្ត្រីខាងលើ ខណៈបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃមកហើយដោយ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨មកម៉្លេះ មិន ដឹងទៅទីកន្លែងណានោះទេ ។
ស្រាប់តែរហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្រាប់តែមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែងក្នុងស្រះទឹកឡើងហើមទៅហើយទំនងស្រវឹងស្រាដើរបត់ជើងធ្លាក់ទឹកស្រះលង់ស្លាប់តែម្ដង ។
ក្រោយមកសមត្ថកិច្ចស្រុក និងនគរបាលជំនាញ និងគ្រូពេទ្យបង្អែកស្វាយទាប ពិនិត្យទៅលើសាកសពជាច្រើនម៉ោងទើបសន្និដ្ឋានថាគឺពិតជាលង់ទឹកស្លាប់ពិតប្រាកដមែនដោយមិនឃើញមានស្នាកស្នាមអ្វីដែលសំគាល់ថា ជារឿងឃាតកម្មអ្វីនោះទេ ។
សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន