ខេត្តកណ្តាល៖ ប្រជាពលរដ្ឋភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលលែងលំបាកក្នុងការធ្វើដំណើរចូលលំនៅឋានរបស់ពួកខ្លួនទៀតហើយ នៅគ្រាដែលលោកឧត្តមសេនីយ៍ឯក គង់ អៀង ប្រធានក្រុមការងារចុះជួយឃុំព្រែកអញ្ចាញបានចាក់ផ្លូវបេតុងមួយខ្សែចូលក្នុងភូមិនេះ និងសន្យាបន្តធ្វើថែមទៀត ក្រោយបោះឆ្នោតហើយ ។ លោកប្រធានគណៈពង្រឹងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិឈើទាល១២០នាក់ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តឧត្តមសាមគ្គី ហៅវត្តឈើទាល ក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
លោកគង់ អៀង បានលើកឡើងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំឃុំព្រែកអញ្ចាញ បាននិងកំពុងអភិវឌ្ឍន៍ផ្លូវលំក្នុងភូមិឈើទាលបានប្រវែង១ពាន់ម៉ែត្ររួចរាល់ហើយ ដែលជាផ្លូវចាក់បេតុង និងបន្តធ្វើផ្លូវចម្ងាយ២ពាន់ម៉ែត្រទៀត ។ ក្រៅពីការធ្វើផ្លូវ លោកក៏បានជួយប្រក់ដំបូលសាលារៀនក្នុងភូមិ១ខ្នងទៀតដែរ ។ សមិទ្ធផលជាច្រើន ដែលបាននិងកំពុងកើតឡើងក្នុងមូលដ្ឋានឃុំព្រែកអញ្ចាញ និយាយជារួម និងនិយាយដោយឡែកនៅភូមិឈើទាល គឺដោយសារតែគណបក្សប្រជាជនកម្ពុជា ។
នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ លោកគង់ អៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិឈើទាល នាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបានសុខសន្តិភាព និងការអភិវឌ្ឍ ។ លោកគង់ អៀង មានប្រសាសន៍ថា នៅពេលដែលមានសន្តិភាពនោះមូលដ្ឋានភូមិឈើទាល ក៏ដូចជាឃុំព្រែកអញ្ចាញនឹងមានការអភិវឌ្ឍ ជាច្រើនវិស័យថែមទៀត ៕ ហេង សូរិយា