ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភំ្នពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកលឿន ហើយបានវាក់អើជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ ដែលបើកចេញពីការការដ្ឋានទើបបួងចង្កូតគេចធ្វើឲ្យជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងត្បូងមន្ទីរពេទ្យបញ្ញាស័ក្ក តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 6088 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ដែលបើកចេញពីការដ្ឋានធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយចាប់ហ្វ្រាំងមិនទាន់ទើបបួងចង្កូតងាកមកខាងស្តាំជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសំយ៉ាបផ្ទះយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស ។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចេញថ្លៃជួសជុលទៅលើផ្ទះ ដែលខូចខាតដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច ៕ សុខាសែនជ័យ


ចែករំលែក៖