ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជិះម៉ូតូធំបើកមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រលដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជិះមិនប្រកាន់ស្ដាំទៅបុកនឹងម៉ូតូបញ្ច្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ១៣ ក្នុងភូមិតាណែងឃុំ សង្កែស្រុករំដួល ខេត្ត ស្វាយរៀង ។

យោងតាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូបង្កម៉ាក FZ គ្នានស្លាកលេខ បើកបរដោយឈ្មោះ នៅ សំអូន មុខរបរកសិករ អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើម្នាក់ឈ្មោះប្រាក់សំអឿន រស់នៅភូមិ អង្គពក ឃុំម៊ឺនជ័យ ស្រុករំដួល ។

ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១GB០០៤៨ មានម្ចាស់ឈ្មោះ ហេង បូព្រឹក អាយុ ១៥ឆ្នាំ រស់នៅភូមិតាណែង ឃុំ សង្កែ ស្រុក រំដួល ខេត្ត ស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក FZ ពណ៌ស អត់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងលើកំណាត់ផ្លូវលេខ១៣មិនប្រកាន់ស្ដាំក្នុងល្បឿនលឿនស្រាប់តែទៅបុក និង ម៉ូតូហុងដាសេ១២៥ដែលបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យភាគីទាំងសងខាងសន្លប់ស្ដូក និងកន្លែង ។

ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកអន្តរាគមន៍ និងហៅក្រុមគ្រួសារទាំងសងខាងបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម ។

មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចបានបញ្ជាក់ថា គឺមកពីម៉ូតូម៉ាកFZបើកបរមិនប្រកាន់ស្តាំ ។

បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលវាស់វែង និងអូសមកកាន់អធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន

 


ចែករំលែក៖