ព័ត៌មានទាន់ហេតុការណ៍៖

កំពុងអង្គុយសាសងជាមួយស្រីស្នេហ៍ ជនសង្ស័យមកវាយសន្លប់ប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខវាយនឹងដំបងបណ្ដាលឱ្យសន្លប់ រួចប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២៣ កក្កដា ឆ្នាំ ២០១៨ នៅចំណុចបឹងស្នោ ស្ថិតក្នុងភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខណៈកំពុងអង្គុយសាសងស្នេហាជាមួយសង្សារ ។

ប្រភពពីនគរបាល ស្រុកឯកភ្នំបានឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះថៃ ធៀង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវជនដៃដល់ប្រើដំបងវាយចំក្បាលបែកចំហៀងខាងស្តាំ និងរលាត់ស្មាខាងឆ្វេងបណ្ដាលឱ្យសន្លប់ រួចជនដៃដល់បានប្លន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ។មុនពេលកើតហេតុយុវជនរងគ្រោះកំពុងអង្គុយសាសងគ្នាជាមួយសង្សារ នៅកន្លែងស្ងាត់ ស្រាប់តែលិចមុខជនសង្ស័យជាជនដៃដល់បានវាយជនរងគ្រោះពីក្រោយនឹងដំបង ធ្វើឲ្យ ជនរងគ្រោះដួលសន្លប់ រីឯនាងជាសង្សារបានរត់កាត់វាលស្រែ និងស្រែកឱ្យគេជួយផងដែរ តែគ្មានអ្នកណាមកជួយទាន់ឡើយ ។

សមត្ថកិច្ចដដែលបានបន្តទៀត ថា សម្ភារដែលបាត់បង់ មានម៉ូតូដែលត្រូវចោរប្លន់នោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S-0318, កុំព្យូទ័រយួរដៃ១គ្រឿង, ទូរស័ព្ទដៃម៉ាកអាយហ្វូន១គ្រឿង និងសម្ភារមួយចំនួនទៀត ។ក្រោយកើតហេតុជនរងគ្រោះត្រូវបានអ្នកភូមិបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក សង្កែភ្លាមដែរ។

យ៉ាងណាក្នុងករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកសង្កែកំពុងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីវែកមុខជនសង្ស័យចាប់ខ្លួនមកផ្តន្ទាទោសឲ្យខាងតែបាន ៕ សហការី

 


ចែករំលែក៖