ខេត្តកំពត៖ ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ មានជាងសំណង់ចំនួន ១៦ នាក់បានចូលរួមនៅក្នុងជុំទីមួយនៃការប្រកួតផ្នែកសំណង់រៀបចំឡើងដោយក្រុមហ៊ុនអេសស៊ីជី (SCG) កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះជ័យលាភី ដែលជាប់វគ្គជម្រុះមានសិទ្ធិចូលរួមនៅក្នុងការប្រកួតថ្នាក់ជាតិដែលនឹងប្រារព្វឡើងនៅចុងឆ្នាំនេះ។
ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ដែលផ្ដួចផ្ដើមដោយក្រុមហ៊ុនអេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីផ្ដល់វគ្គបណ្ដុះបណ្ដាលដល់ជាងសំណង់លើការងារបូកស៊ីម៉ង់ត៍ និងការងារប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈពីរ ហើយការប្រកួតមានរៀបចំឡើងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តធំៗទូទាំងប្រទេស។
លោក ពង់ថាណា ដេវីតាយ៉ាផន (Pongdhana Dejvittayaporn) នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អេសស៊ីជី បានមានប្រសាសន៍ថា៖ “កម្មវិធីនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីសេចក្តីតាំងចិត្តរបស់អេសស៊ីជី ដែលមានបំណងជួយគាំទ្រដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការទទួលបានឱកាសល្អៗក្នុងអាជីពរបស់ខ្លួន និងមានឱកាសអភិវឌ្ឍគុណភាពជីវិតរបស់ខ្លួនឲ្យកាន់តែ ប្រសើរថែមទៀត”។លោកបានបន្តទៀតថា៖ “ការប្រកួតជាងសំណង់គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ ដែលយើងមានបំណងអភិវឌ្ឍជំនាញរបស់ជាងសំណង់ ហើយបង្កើនឱកាសដល់ពួកគាត់ក្នុងការរកប្រាក់ចំណូលឲ្យបានច្រើនជាងមុន។ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរួចហើយ ជាងសំណង់នឹងមានសិទ្ធិចូលរួមក្នុងការប្រកួតនេះ។ នេះជាឱកាសដែលពួកគាត់អាចបង្ហាញពីជំនាញ និងសមត្ថភាពរបស់ខ្លួនឲ្យម្ចាស់លំនៅដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យនានាបានឃើញ។ ទន្ទឹមនឹងនេះ ជាងសំណង់នឹងមានឈ្មោះបោះសំឡេង ដែលធ្វើឲ្យគេទទួលបានការងារកាន់តែច្រើនថែមទៀត”។លោក ពង់ថាណា ក៏បានបញ្ជាក់ទៀតថា៖ “ហើយតាមរយៈការប្រកួតលើកនេះ យើងបានមើលឃើញថា ជំនាញក្នុងការបូកស៊ីម៉ង់ត៍របស់ជាងសំណង់ មានការរីកចម្រើនច្រើនបន្ទាប់ពីពួកគាត់បានទទួលការបណ្ដុះបណ្ដាល ពីវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសឈានមុខគេ ដែលយើងសហការជាមួយក្នុងកម្មវិធីនេះ”។
ការប្រកួតវគ្គជម្រុះតាមខេត្តសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងប្រព្រឹត្តទៅនៅតាមទីរួមខេត្តសំខាន់ៗក្នុងប្រទេស ដែលនឹងរៀបចំឡើងក្នុងពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជ័យលាភីពីវគ្គជម្រុះតាមខេត្ត នឹងចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជី នៅរាជធានីភ្នំពេញ នាចុងឆ្នាំនេះ។ ក្នុងនោះ ជាងសំណង់នឹងប្រើប្រាស់ផលិតផលមានគុណភាពខ្ពស់ គឺស៊ីម៉ង់ត៍ ខេ-ស៊ីមេន របស់អេសស៊ីជី សម្រាប់ការប្រកួតផ្នែកបូកស៊ីម៉ង់ត៍ ហើយប្រើប្រាស់ក្បឿងអេសស៊ីជីក្នុងការប្រកួតប្រក់ដំបូល។ រាល់បេក្ខជនដែលចូលរួមនឹងទទួលបានវិញ្ញាបនប័ត្រពីកម្មវិធីបណ្ដុះបណ្ដាល ហើយជ័យលាភីសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២ លានរៀល និងបានចូលរួមក្នុងដំណើរទស្សនកិច្ចអប់រំទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនអេសស៊ីជីផងដែរ។
តាមរយៈការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការប្រកួត និងវគ្គបណ្ដុះបណ្ដាល គឺមានគោលបំណងអភិវឌ្ឍជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពសំណង់ និងជារួមគឺអភិវឌ្ឍឧស្សាហកម្មសំណង់ ។ គម្រោងនេះនឹងជួយឲ្យម្ចាស់លំនៅដ្ឋាន ឬក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមានលទ្ធភាព កាន់តែទូលំទូលាយក្នុងការស្វែងរកជាងសំណង់ជំនាញដែលត្រឹមត្រូវសម្រាប់គម្រោងរបស់ខ្លួន ហើយទន្ទឹមនឹងនេះក៏នឹងជួយបង្កើនប្រាក់ឈ្នួលដល់ជាងសំណង់ខ្លួនឯងដែរ។ ក្រុមហ៊ុនអេសស៊ីជីបានចាប់ផ្ដើមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់កាលពីខែកុម្ភៈ ដើមឆ្នាំនេះ ដោយធ្វើការសហការជាមួយនឹងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ (CTSDI) ដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវផលិតផល និងសម្ភារសំណង់ទំនើបថ្មីៗ។ កម្មវិធីនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុនអេសស៊ីជី ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍យូរអង្វែងរបស់កម្ពុជា តាមរយៈការផ្ដល់នូវវគ្គបណ្ដុះបណ្ដាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់៕ វឌ្ឍនា