ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនិងស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមកងកម្លាំងប្រដាប់អាវុធចំនួន៤៦២៥នាក់រួចជាស្រេច ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ។
ការលើកឡើងបែបនេះ ក្នុងពេល លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈការបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរបោះឆ្នោត ។ ពិធីនេះ បានប្រព្រឹត្ដទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃពុធ ១២ កើត ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៨ ដែលកម្លាំងនេះ បាន និងកំពុងត្រៀមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៦នេះ នៅតាមបណ្ដាគោលដៅ នៃការិយាល័យបោះឆ្នោត នៅរាជធានីភ្នំពេញ ៕ សំរិត