ព័ត៌មានទាន់ហេតុការណ៍៖

វាយប្លន់ម៉ូតូបានហើយរត់មិនរួចត្រូវនគរបាលឃាត់ខ្លួន និងបន្តចាប់បក្ខពួកចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ពីយុវជចំនួន៣នាក់បានសម្រេចហើយ បំបែកគ្នាព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំង នគរបាលឃាត់ខ្លួនភ្លាមៗចំនួន២នាក់យកទៅសាកសួររួចបន្តតាមចាប់បក្ខពួកបន្តទៀតចំនួនសរុប៥នាក់ ។

ហេយុការណ៍នេះ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខក្លិប ស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះហ៊ុយ មករា ភេទប្រុស ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ខ ណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។

ម៉ូតូដែលជនសង្ស័យវាយប្លន់យកទៅម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GC-2337។ ចំណែកម៉ូតូដែលជនសង្ស័យជិះដើរធ្វើសកម្មភាពកន្លងមក មាន២គ្រឿង មួយគ្រឿងម៉ាក ហុងដា សេ១១០ ប៊ិច សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-7108 និងមួយគ្រឿងទៀត ម៉ាកហុងដា សេ១១០ ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-4814 ។

រីឯជនសង្ស័យទាំង៥នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ នុត សិត ហៅអាវែង ភេទប្រុស ជាបងធំ ប្រចាំក្រុម អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ ពេលថ្ងៃ ពេលយប់ដើរប្លន់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានភូមិកំណើតភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។ ទី២ ឈ្មោះ សៀម វណ្ណរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ទី៣ ឈ្មោះ សៀម វណ្ណរ៉ា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ធ្វើចោរ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតគៀនតាសៀវ ឃុំស្វាយយ៉ា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ទី៤ ឈ្មោះ ម៉ៅ ថែល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ទើបចូលរួមជាសមាជិកក្រុមខាងលើ មានស្រុកកំណើត ភូមិ ចំការគួយ ឃុំដំរីពួន ស្រុកស្វាយអន្ទរខេត្តព្រៃវែង ។ ទី៥ ឈ្មោះ លៀប អុីសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ សមាជិកក្រុមប្លន់ ស្នាក់នៅផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យមានស្រុកកំណើតនៅភូមិព្រៃលាន ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូ រួមជាមួយមិត្តភ័ក្រ គ្នា៣នាក់ ម៉ូតូ២គ្រឿង ជិះម៉ូតូមកពីភូមិព្រៃស សង្កាត់ព្រៃ ខណ្ឌដង្កោ ក្នុងគោលបំណងវិលទៅផ្ទះ ផ្លូវវេងស្រេង មុខក្លឹបស្ពាយឌ័រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ លុះធ្វើដំណើរមកដល់ចំណុចស្ពានថ្ម ខាងជើងក្បែរផ្សារទួលពង្រ ស្រាប់តែលេចមុខ ជនសង្ស័យ៥នាក់ខាងលើ ជិះម៉ូតូសេ១១០ ប៊ិច ចំនួន២គ្រឿង ហើយចាំច្បាស់ជាងគេ សង់ប៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-4814 អត់កុងទ័រ កង់កាំបន្ទះ ជិះតាមមកក្រោយវាយ ធ្វើឲ្យភ័យនាំគ្នាបើកម៉ូតូរត់ រហូតដល់មុខក្លឹបស្ពាយឌ័រ ក្បែរផ្ទះ ស្រែកឲ្យគេឯងជួយ តែគ្មានលទ្ធផល ត្រូវបានក្រុមចោរ ទាំង៥នាក់ ប្រដាប់ដោយដុំថ្ម ខ្សែក្រវ៉ាត់ វាយបណ្តាលឲ្យបែកក្បាល ហើយយកម៉ូតូជិះគេចខ្លួន តាមផ្លូវវេងស្រេង ឆ្ពោះទៅកើតចំនួន២គ្រឿង ម៉ូតូជនរងគ្រោះ១គ្រឿង ម៉ូតូជនល្មើសមួយគ្រឿង ចំណែកម៉ូតូ ជនល្មើសមួយគ្រឿងទៀត សេ១១០ ពណ៌ខៀវ ដែលស្គាល់ច្បាស់ជាងគេ បើកគេចតាមផ្លូវវេងស្រេង ឆ្ពោះទៅលិច ។

ក្រោយកើតហេតុភ្លាម ជនរងគ្រោះរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ចោមចៅ១ ភ្លាមដែលនៅក្បែរនោះស្រាប់ ទើបកម្លាំងសមត្ថកិច្ច ស្រែកប្រកាសតាមប្រព័ន្ធវិទ្យុទាក់ ឲ្យតាមបណ្តាកម្លាំង ដែលប្រចាំការតាមគោលដៅ តាមប៉ុស្តិ៍ កម្លាំងប្រដេញ ចេញតាមស្វែងរក ភិនភាគ ជនសង្ស័យ ម៉ូតូ ខាងលើ ទីបំផុត កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ប្រទះជួបជនសង្ស័យ ជិះម៉ូតូ ភិនភាគប្រកាសខាងលើ តាមផ្លូវសហព័ន្ធរុស្សី មុខវត្តទួលសុភាឃួន ភូមិព្រៃជីសាក់ ទើបចាប់ខ្លួនបាន២នាក់ នាំទៅសាកសួរនៅផ្នែកជំនាញ ហើយនាំបន្តទៅតាមឃាត់ បក្ខពួកចោរប្លន់ បានជាបន្តបន្ទាប់៣នាក់ទៀត នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ សរុបចាប់បាន៥នាក់ និងម៉ូតូ២គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យឃាត់ខ្លួនសាកសួរនៅ ប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖