ព័ត៌មានទាន់ហេតុការណ៍៖

ខឹងនាងឈប់ស្រឡាញ់ខ្លួន យករូបភាពអាសអាភាសដេកក្នុងផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណ:ជាប់ខ្នោះល្មម

ចែករំលែក៖

ខេត្តកំពត៖ នគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនយុវជនម្នាក់ តាមបណ្តឹងរបស់ស្រី្តរងគ្រោះ ដោយចោទថា យុវជនរូបនេះបានយករូបភាពអាសអាភាសដែលបានថតដេកនៅផ្ទះសំណាក់ជាមួយគ្នា ទៅបង្ហោះជាសាធារណ:គំរាមឲ្យនាងស្រឡាញ់ខ្លួនគេគ្រាដែលនាងដកខ្លួនឈប់ស្រលាញ់គេ ។

នគរបាលស្រុកឈូក បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនយុវជនរូបនេះ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះកាលពី រសៀល ថ្ងៃ អង្គារ ១២ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។

ជនសង្ស័យឈ្មោះ ភួង កូរ៉េ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ។ រីឯនារីរងគ្រោះ អាយុ២៣ឆ្នាំ រស់នៅ ភូមិ- ឃុំ- ស្រុក ជាមួយ ជនសង្ស័យខាងលើ ។

ក្រោយពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ ឃាត់ឈ្មោះ ភួង កូរ៉េ មកសួរនាំ រូបគេបានឆ្លើយថា ពិតជាបានបង្ហោះរូបភាពអាសអាភាសថតដេកនៅផ្ទះសំណាក់ជាមួយគ្នា និងសរសេរពាក្យមិនគប្បីបង្ហោះតាមហ្វេសប៊ុកគំរាមនារីរងគ្រោះពិតប្រាកដមែន ដោយសារតែគេខឹងនារីរងគ្រោះឈប់ស្រឡាញ់ខ្លួន ។

យ៉ាងណាក្នុងករណីនេះនគរបាលព្រហ្មទណ្ឌស្រុកទឹកឈូ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕ សហការី


ចែករំលែក៖