ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលបាក់ទំនប់វារីអគ្គីសនីនៅឡាវបណ្តាលឲ្យស្ពានមួយកន្លែងនៅកម្ពុជាបាក់ស្រុតខូចខាតយ៉ាងដំណំ ហើយពលរដ្ឋកំពុងនាំគ្នាជម្លៀសខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ស្ពានបេតុងឆ្លងកាត់ទន្លេសេកុងមួយកន្លែង នៅតាមបន្ទាត់ព្រំដែនខ្មែរ-ឡាវ ត្រូវបានរងការបាក់ ស្រុត ទឹកហូរច្រោះយ៉ាងខ្លាំង តាមត្រចៀកក្បាលស្ពានពីចំហៀងខាងកើត បន្ទាប់ពីមានគ្រោះទឹកជំនន់នៅទន្លេសេកុង នៃប្រទេសឡាវបានហូរចូលមកយ៉ាងគំហុកច្រើនមកលើប្រទេសកម្ពុជា ។

ហេតុការណ៍ទឹកជំនន់ហូរខ្លាំងបណ្តាលឲ្យមានរងការបាក់ស្រុតហូរច្រោះស្ពាននោះ បានកើតឡើងនៅវេលាយប់ថ្ងៃ ពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ គឺជាស្ពានឆ្លងកាត់ទន្លេសេកុង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ប្រទេសឡាវ ។

បើយោងតាមប្រភពបានឲ្យដឹងថា ស្ពាននេះ ទើបតែបញ្ចប់ការកសាងកាលពីដើមខែឧសភា កន្លងទៅថ្មីៗនេះទេ ដែលកសាងឡើងដោយកម្លាំងកងវិស្វកម្ម ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់និងដើម្បីតភ្ជាប់ផ្លូវពីខេត្តមួយទៅខេត្តមួយទៀតផងដែរ ។

ប្រភពពីកម្លាំងយោធាដែលឈរជើងនៅទីនោះបានឲ្យដឹងថា ស្ពានខាងលើបានបាក់ស្រុតផ្នែកខាងកើតនៃត្រចៀកក្បាលស្ពាន ដោយសារតែទឹកទន្លេសេកុងហូរពេញប្រៀបទើបបណ្តាលឲ្យទឹកហូរច្រោះត្រង់ចំណុចដី ក្បាលស្ពានដែលទើបនឹងចាក់ថ្មីៗ ។

ប្រភពបន្តថា ក្រោយពីមានការបាក់ស្រុតស្ពានបែបនេះអាជ្ញា ក៏បានសូមឲ្យប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នសិនដែរ ហើយស្ពានខាងលើក្នុងពេលនេះ ក៏ពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៀតដែរ តែភាគច្រើនមានយោធាដែលឈរជើងនៅតាមបន្ទាត់ ព្រំដែននោះដឹកស្បៀងឆ្លងកាត់បន្តិចបន្តួចប៉ុណ្ណោះ ។

យោងតាមប្រភពថ្មីៗនេះ បានរាយកាណ៍មកថា ខណៈនេះក៏មានប្រជាពលរដ្ឋជាង៤០ភាគ ត្រូវបានជម្លៀសចេញពីលំនៅស្ថានទៅកាន់ទីទួលសុវត្ថិភាព ខណៈដែលកម្ពស់ទឹកកំពុងតែហក់ឡើងដល់១១,៩០ម៉ែត្រ គឺនៅសល់ត្រឹម១តឹកទៀត ប៉ុណ្ណោះនឹងប្រកាសអាសន្ន ក្នុងរយៈមួយម៉ោងទៀតប៉ុណ្ណោះ ។

លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាងបានឱ្យដឹងថា នៅមុននេះបន្តិចមានកម្លាំងយោធាប្រមាណ២០០នាក់កំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋាន ដោយសារទឹកហូរច្រោះបង្កជាការជន់លិចបណ្តើរៗហើយ ។

លោកថា ក្នុងចំណោមប្រជាជនត្រូវបានចាកចេញពីលំនៅឋានជាង ៤០ភាគរយហើយទៅកាន់ទីទួលសុវត្ថិភាពក្បែរភូមិ ឃុំរបស់ពួកគាត់ ។

តែផលលំបាកមួយទៀត ដែលអាជ្ញាធរកំពុងបញ្ចុះបញ្ចូលប្រជាពលរដ្ឋដែលសេសសល់ ឲ្យចាកចេញពីលំនៅឋាន តែពួកគាត់មានការរារែកអំពីការចាកចេញដោយសារពួកគាត់គិតថា លំហូរទឹកឡើងសន្សឹមៗនៅឡើយ ៕ ជីវ័ន្ត


ចែករំលែក៖