ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវម៉ូតូបុកស្លាប់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសអាយុ៤ឆ្នាំ ម្នាក់បានស្លាប់បែកក្បាលយ៉ាងអាណោចអធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួអោយរន្ធត់ខណះដើរឆ្លងតាមផ្លូវមិនប្រុងប្រយត្ន័ត្រូវម៉ូតូចាប់ហ្វ្ំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃពុធ ១៣កើត ខែទុតិយាសាធ ឆ្នាំច ព.ស២៥៦២ត្រូវនិងថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ2018 វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិទួលអង្គ ឃុំ គគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

យោងតាមកងរាជអាវុធហត្ថស្រុកបានអោយកាសែតនគរវត្តដឹងថាក្មេងប្រុសដែលបាត់បង់ជីវិតមានឈ្មោះ មោង រស្មី​ ភេទប្រុស អាយុ០៤ឆ្នាំ រស់នៅភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកអ្នកជិះម៉ូតូមានឈ្មោះវង់ ពិជ្យពណ្ណរាយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង ខណះម៉ូតូម៉ាក ហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង 1K 5016 ខូចខាតយ៉ាងដំណំ។

តាមសមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនពេលកើតហេតុមានក្មេងប្រុសម្នាក់ឈ្មោះ មោង រស្មី​ បានដើរឆ្លងកាត់ថ្នល់ពីត្បូងទៅជើង មិនប្រយត្ន័លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាក​លេខ ស្វាយរៀង 1K 5016 ជិះដោយយុវជនសិស្សសាលាម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចាប់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលអោយដួលរណូករណែលទាំងមនុស្សនិងម៉ូតូកណ្ដាលផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានយកយុវជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសពក្មេងប្រុសបានប្រគល់អោយឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

ព្រមទាំងធ្វើការវាស់វែងនិងអូសយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖