ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសង្កេតការណ៍អន្តរជាតិមកពី៥២ប្រទេសនឹងចូលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានចេញសេចក្តីប្រកាសកាលពីយប់ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ថា សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានអ្នកសង្កេតការណ៍ជាតិចំនួន១០៣៦នាក់មកពីអង្គការ សមាគមនៅទូទាំង ២៥រាជធានីខេត្តដែលជាសមាជិកវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្រុមអ្នកសង្កេត ការណ៍អន្តរជាតិចំនួន២២០នាក់តំណាងឱ្យអង្គការ ស្ថាប័ន និងតំណាងប្រទេសចំនួន៥២នៅលើពិភពលោកចូលរួមសង្កេត ការណ៍បោះឆ្នោតនៅកម្ពុជា ។

បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោតក្រុមអ្នកសង្កេតការអន្តរជាតិនឹងធ្វើសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ចំណែកក្រុមអ្នក សង្កេតការណ៍ជាតិគ្រោងនឹងធ្វើសន្និសីទ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការណ៍ពិតនូវដំណើរការបោះឆ្នោតក្នុងនាមជាសាក្សីដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់នៅតាមការិយាល័យបោះឆ្នោតនានា ។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សា ភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨បានលើក ឡើងថា អង្គការជាតិ និងអន្តរជាតិខាងលើ បានស្នើសុំចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះតាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ដើម្បីងាយស្រួលបាន ចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅ កម្ពុជា ជាពិសេសការបំពេញបែបបទនីតិវិធី ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបន្តថា គណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាក្រុមការងារមួយដែលមានសមាសភាពចម្រុះមកពីខាងអង្គការសង្គមស៊ីវិល និង អាជ្ញាធរពាក់ព័ន្ធដើម្បីចូលរួមបំពេញភារ កិច្ចដ៏មានសារសំខាន់ក្នុងការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរ ជាតិចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ ២០១៨ ឱ្យបានត្រឹមត្រូវប្រកបដោយតម្លា ភាព ។

លោកប្រធានបានបញ្ជាក់ថា បេសក កម្មពិសេសរបស់គណៈកម្មការសម្រប សម្រួលការងារអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ដើម្បីធានាបានភាពជាម្ចាស់ និងសិទ្ធិស្វ័យសម្រេចជាអធិបតេយ្យរបស់ប្រជាពលរដ្ឋកម្ពុជាលើជោគវាសនារបស់ប្រជាជាតិតាមរយៈការសម្របសម្រួលឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីអ្នកសង្កេតការណ៍ ជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាញសារ ព័ត៌មានក្នុងការពិនិត្យ និងធ្វើជាសាក្សី ផ្ទាល់ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ទៅតាម មាគ៌ាដ៏ត្រឹមត្រូវនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននៅកម្ពុជាគឺជា បេសកកម្មចម្បងរបស់គណៈកម្មការសម្របសម្រួលនេះ ។

អង្គការស្ថាប័នអន្តរជាតិដែលនឹងចូល រួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានា ពេលនេះជាអង្គការស្ថាប័នធំៗដែលមាន បទពិសោធន៍ចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនប្រទេសនៅលើពិភពលោក ដែលមានដូចជា សន្និសីទអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties) ដែលហៅកាត់ថា ICAPP ជាស្ថាប័ន មួយបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ ប្តូរយោបល់ និងទស្សនៈគ្នារវាងបណ្តាគណ បក្សនយោបាយក្នុងតំបន់ដែលមានមនោគមវិជ្ជាខុសៗគ្នា និងបង្កើនការយល់ដឹងនិងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងរង្វង់ប្រទេស និងប្រជាជនក្នុងតំបន់។ គិតមកត្រឹមដើម ឆ្នាំ២០១៨នេះ ICAPP មានសមាជិកចំនួន ៣៥៥គណបក្សនយោបាយមកពី៥២ ប្រទេស និង១ដែនដី ។

អង្គការធំមួយទៀតដែលចូលរួមឃ្លាំ មើលការបោះឆ្នោតនាពេលខាងមុខនេះ ដែរគឺអង្គការអ្នកប្រជាធិបតេយ្យនិយម កណ្ដាលអន្តរជាតិដែលហៅកាត់ថា CDI។ CDI ជាអង្គការមួយដែលមានគណបក្ស នយោបាយចំនួន៧៤ជាសមាជិកមកពី៦៣ ប្រទេស និងគណបក្សនយោបាយចំនួន ១២ជាអ្នកសង្កេតការណ៍ និងដែលបាន បង្កើតឡើងនៅឆ្នាំ១៩៦១ ។

ក្រៅពីអង្គការស្ថាប័នធំៗទំាងនេះនៅមានអង្គការសមាគមធំៗមកពីទ្វីបអឺរ៉ុប អាស៊ីមួយចំនួនទៀតដែលនឹងមានវត្តមានធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដែលដូចជា អន្តរសភាអាស៊ានដែលហៅ គាត់ថា AIPA សភាតំបន់អាស៊ីដែលហៅ កាត់ថា APA និងក្រុមសភានិយាយភាសា បារំាងដែលហៅកាត់ថា APF ដែលនឹង ចូលរួមសង្កេតការណ៍បោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះតាមរយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ឆ្នាំ២០១៨នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ចំណែកអង្គការ សមាគមជាតិដែល បានចូលរួមសង្កេតការណ៍បោះឆ្នោតតាម រយៈគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨នៃវេទិកាសម្ព័ន្ធសង្គម ស៊ីវិលនោះវិញជាសង្គមស៊ីលដែលធ្វើការខាងវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអភិវឌ្ឍ សុខភាព កសិកម្ម និងអប់រំ ជាដើម ។

សូមជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ហៅកាត់ថា វ.ស.ស. ដែលសម្របសម្រួលការងារគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ជាស្ថាប័ន មួយបានបង្កើតឡើងនៅឆ្នាំ២០១៦ក្នុង គោលបំណងសម្របសម្រួល និងពង្រឹង កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល ជាមួយបណ្តាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិឱ្យកាន់តែជិតស្និទ្ធនិងបង្កើតបរិយាកាសសហការដោយស្មោះត្រង់សំដៅចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត៕ ហេង សូរិយា


ចែករំលែក៖