ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព្រួតវាយស្លាប់ខណៈធ្វើសកម្មភាពលួចកាច់កម៉ូតូនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ចាប់ខ្លួននិងព្រួវាយ បណ្ដាលឲ្យរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ក្រុមជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ពលរដ្ឋ កាលពីថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង១៧និង១០នាទី នៅចំណុច​ទំនប់៩០ ស្ថិតក្នុងភូមិតោតម៉ា ឃុំកណ្តោកស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យរងរបួសរហូតស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យនោះមានឈ្មោះ ហួយ លឿង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ យកម៉ូតូរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះឈ្មោះ សា​ ឆវន្ត័ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតោតម៉ា ឃុំកណ្តោក ស្រុកណ្ដាល ខេត្តកណ្ដាល ។ ដោយឡែកសម្ភារ: បាត់បង់ រួមមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកណ្តាល1W-4977 ។ ហើយវត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-0132 ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង ថ្ងៃ ខែ និងឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូទៅមើលមង នៅកន្លែងកើតហេតុហើយជនរងគ្រោះទុកម៉ូតូ នៅលើទំនប់លេខ៩០ចាក់សោរ បិទសន្ទះសោរ និងដកខ្សៀប៊ូស៊ីផងដែរ រួចជនរងគ្រោះ ចុះទៅមើលមង ចម្ងាយប្រហែល១០០ម៉ែត្រ ពេលមើលមងរួចក៍ដើរត្រឡប់មករកម៉ូតូវិញស្រាប់តែឃើញក្រុមជនសង្ស័យ២នាក់កំពុងធ្វើសកម្មភាពកាច់ក ម៉ូតូរបស់ខ្លួនក៏ ស្រែកថា៖ ចោរ.ៗ ជួយផងពេលនោះមានប្រជាពលរដ្ឋ បង់សំណាញ់ ដាក់មងនៅខាងមុខ ដេញស្ទាក់ពីមុខ ជនសង្ស័យ ក៏បើកម៉ូតូត្រឡប់ថយមកក្រោយវិញ មកដល់ទល់មុខជនរងគ្រោះ ជនសង្ស័យ ក៏បើក ម៉ូតូបំបុកជនរងគ្រោះ តែជនរងគ្រោះ យកមែកសង្កែ វ៉ៃលើជនសង្ស័យបណ្តាលឲ្យ ដួលម៉ូតូរួចជនសង្ស័យ បានវាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះ ពេលនោះប្រជាពលរដ្ឋជាច្រើននាក់មកព្រួតជួយជនរងគ្រោះ វាយម្នាក់មួយដៃ មួយជើងបណ្តាលឲ្យ ជនសង្ស័យ ម្នាក់ទទួលរងរបួសធ្ងន់ ។

ចំណែកជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល រីឯជនសង្ស័យដែលប្រជាពលរដ្ឋព្រួតវាយនោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ តែជនសង្ស័យបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងបន្តតាមរកចាប់បក្ខពួក ដែលនៅសល់កំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ រីឯសាកសពជនសង្ស័យបានប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ចំពោះវត្ថុតាងម៉ូតូជនសង្ស័យត្រូវយកមកកាន់អធិការដ្ឋាននគបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនទៅកាន់ស្នងការដ្ឋាននគបាលខេត្តកណ្ដាលចាត់ការបន្ត ៕ ស្អាងជ័យ


ចែករំលែក៖