ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឲ្យដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង បន្ទាប់ពីបុរសរងគ្រោះម្នាក់ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ ស្លាប់កណ្ដាលផ្លូវ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាក HONDA Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-8460 មានឈ្មោះ សាម៉ុន សាមាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបប កម្មករសំណង់ មានស្រុកកំណើត ភូមិអង្គព្រះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកតៃកុងឡានមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។

មានប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញមកបត់ជើងតូចរួចក៏លឺសំលេងបុកប្រាវ លាន់ដូចរន្ធះ ពេលលឺដូច្នេះគាត់ក៏រត់មកមើលស្រាប់តែឃើញរថយន្តបើកចេញយ៉ាងលឿនចំណែកម៉ូតូរួមទាំងម្ចាស់ម៉ូតូគៀបជាប់គ្នា ដោយជនរងគ្រោះបោកក្បាលទៅហ្នឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យមកអន្តរាគមន៍តែម្តង ។

បច្ចុប្បន្នក្រោយសមត្ថកិច្ចវាស់វែង និងធ្វើកំណត់ហេតុរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច(PL)យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោយស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖