ខេត្តព្រះសីហនុ៖ អាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនប្រធានស្នាក់ការ អង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំខេត្តព្រះសីហនុ ដែលបានប្រើប្រាស់ឯកសណ្ឋានបន្លំ ដូចជាកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ហើយនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ប្រធានស្នាក់ការ អង្គការការពារធនធានធម្មជាតិ និងអភិរក្សជីវសាស្ដ្រចម្រុះប្រចាំ ខេត្តព្រះសីហនុ ដែលឃាត់ខ្លួនមានឈ្មោះ ឈឹម សុផាត អាយុ៥២ឆ្នាំ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមមន្ត្រីអាវុធហត្ថ ការឃាត់ខ្លួននេះជនសង្ស័យ ពាក់ព័ន្ធបទប្រើប្រាស់ឯកសណ្ឋាន ជាអាទិ៍ដែលមានភាពប្រហាក់ ប្រហែលគ្នានឹងនគរបាល ឬយោធា (មាត្រា៦១៦) និងបទប្រើប្រាស់អត្តសញ្ញាណខុសពីអត្តសញ្ញាណផ្លូវការ ក្នុងកិច្ចសាធារណៈ (មាត្រា៦២១) និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង (មាត្រា៦៣០)។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន រថយន្តម៉ាក Lexus RX400h មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ សារព័ត៌មានស្មារតី៧មករាអមតៈ 2K-0667, ឯកសណ្ឋានក្លែងបន្លំចំនួន០១សម្រាប់, មួកក្លែងបន្លំចំនួន០២, ស្លាកឈ្មោះឧត្តមសេនីយ៍ចំនួន០១, ប័ណ្ណព័ត៌មានចំនួន០៦សន្លឹក ៕ ឆ្លាមសមុទ្រ