ព័ត៌មានទាន់ហេតុការណ៍៖

ការវិនិយោគសម្រាប់តំបន់ឧស្សាហកម្មកើនឡើងខ្លាំងនៅឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ ៖ ការសិក្សាថ្មីមួយបានរកឃើញ ថា ការវិនិយោគតំបន់ឧស្សាហកម្មនិងតម្រូវការប្រើប្រាស់ឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងខ្លាំងនៅដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

យោងការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលទើបបានបញ្ចប់របាយ ការណ៍របស់ខ្លួននៅដំណាច់ត្រីមាសទី២ឆ្នាំនេះបានរកឃើញថា គិតត្រឹមរយៈពេល ៥ខែដើមឆ្នាំនេះតំបន់ឧស្សាហកម្មបាន កើនឡើងរហូតដល់២៦កន្លែងដែលមាន ទំហំផ្ទៃក្រឡាសរុប២៤ម៉ឺនម៉ែត្រការ៉េ។ ក្នុង អំឡុងត្រីមាសទី២ឆ្នាំនេះអត្រាជួលសេវា កម្មនានានៅក្នុងតំបន់ឧស្សាហកម្មជុំវិញក្រុងភ្នំពេញមានតម្លៃ០,៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ឃ្លាំងឬរោងចក្រ ដែលបានសាងសង់ចប់រួចរាល់មានតម្លៃ ជួលរហូតដល់៣,២ទៅ២,១ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

របាយការណ៍ដដែលបានបង្ហាញថា តម្រូវការសេវាកម្មជួលនានានៅតាមតំបន់ឧស្សាហកម្មបន្តកើនឡើងខ្ពស់អាស្រ័យលើផែនការនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទីតាំង និងគោលដៅនៃការវិនិយោគ ។

លោក ខាត់ សុវណ្ណ អគ្គនាយកក្រុមហ៊ុន Camtop Property Group បានថ្លែងថា តម្រូវ ការឃ្លាំង និងរោងចក្រនានានៅតាមតំបន់សេដ្ឋកិច្ចពិសេស និងតាមតំបន់ជាយក្រុងនានាពិតជាបានកើនឡើងដោយសារការកើនឡើងនៃការវិនិយោគពីបរទេស ជា ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។ លោកបានបន្តថា កំណើននៃការផ្គត់ផ្គង់ ឃ្លាំង ឬរោងចក្រនៅក្នុងទីក្រុងត្រូវបានកាត់ បន្ថយដោយនិន្នាការនេះបានងាកទៅតំបន់ជាយក្រុង ហើយការវិនិយោគឃ្លាំងនិងរោង ចក្រសម្រាប់ជួលដែលមានស្តង់ដារកាន់តែមានភាពទាក់ទាញនិងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ។

លោកបានបន្ថែមថា ការវិនិយោគឃ្លាំង ឬរោងចក្រសម្រាប់ជួល ពិតជាបានងាក ទៅជាយក្រុងភ្នំពេញ ជាពិសេសនៅតាម បណ្តោយផ្លូវជាតិសំខាន់ៗដែលតភ្ជាប់រវាងទីក្រុងភ្នំពេញនឹងបណ្តាខេត្តដែលមាន ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរសម្រាប់តភ្ជាប់ជាមួយកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ៕ ហេង សូរិយា


ចែករំលែក៖