ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិភាគតិចព្នងលេងកាំភ្លើងកែច្នៃប្លាតគ្រាប់ត្រូវចំក្បាលក្មួយរបួសស្រាល

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសអាយុ៤ខែ ម្នាក់បានរងរបួសត្រង់ក្បាលដោយសារ ឪពុកមាលេងកាំភ្លើងកែច្នៃបាញ់ប្លាតគ្រាប់ចំហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ភ្លាមៗនៅមណ្ឌលសុខភាព ។

ហេតុការណ៍ប្លាតគ្រាប់កាំភ្លើងកែច្នៃ ត្រូវចំក្បាលកូនក្មេងនោះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃចន្ទ ១១កើត ខែ ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

លោក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថា ក្មេងប្រុសបង្ក លេងកាំភ្លើងកែច្នៃប្លាតគ្រាប់ត្រូវចំក្មេងនោះ ឈ្មោះ ចៀន ខ្វែក អាយុ៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិកើតហេតុខាងលើ។ កាំភ្លើងកែច្នៃនោះប្រើបាញ់គ្រាប់កង់(គ្រាប់ឃ្លីដែក)ដែលអ្នកច្នៃកាំភ្លើងយកមកបាញ់លេងទើបបណ្តាលឲ្យប្លាតត្រូវចំក្បាលក្មេងប្រុសនោះតែម្តងតែសំណាងរងរបួសស្រាល ។

លោកអធិការបានបន្តថា ក្មេងប្រុសរងគ្រោះត្រូវគ្រាប់កាំភ្លើងកែច្នៃប្លាតចំឈ្មោះ កម បៀក អាយុ៤ខែ រងរបួសស្រាលចំ ក្បាល។ ខណៈនៅថ្ងៃកើតហេតុម្តាយក្មេងប្រុសរងគ្រោះកំពុងដាំបាយជ្រូកដែលត្រូវជាបងស្រីបង្កើតជនបង្ក ហើយឲ្យប្អូនស្រីម្នាក់ទៀតអាយុ១១ឆ្នាំកំពុងពក្មេងប្រុសរងគ្រោះដើរលេងនៅមុខផ្ទះ ។

លោកអធិការបានបន្ថែមថា ម្តាយក្មេង ប្រុសរងគ្រោះឈ្មោះ ចៀន តល អាយុ១៨ ឆ្នាំ។ ចំណែកឪពុកឈ្មោះ ប៊ុនធី កម អាយុ ២១ឆ្នាំ ជាម្ចាស់កាំភ្លើង ហើយក៏ត្រូវបានសមត្ថកិច្ចហៅទាំង២នាក់បងប្អូនទៅអប់រំឲ្យឈប់ប្រើប្រាស់ភ្លើងកែច្នៃបន្តទៀតដែរ។

ចំណែកក្មេងប្រុសបង្កដែលត្រូវជាប្អូនបង្កើតដោយស្ថិតនៅវ័យកុមារមិនទាន់ គ្រប់អាយុទទួលទោស ព្រមទាំងគ្មានពាក្យ បណ្តឹងផងនោះសមត្ថកិច្ចបានត្រឹមហៅ អប់រំ ណែនាំកុំឲ្យលេងឧបករណ៍ដែល បណ្តាលឲ្យមានគ្រោះថ្នាក់នៅថ្ងៃក្រោយ បន្តទៀត ។

លោក ឡោ សុខា ស្នងការនគរបាខេត្តមណ្ឌលគិរីបានស្នើដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ដែលមានប្រើប្រាស់កាំភ្លើង កែច្នៃសូមបញ្ឈប់ការប្រើប្រាស់និងត្រូវយកទៅប្រគល់ជូនសមត្ថកិច្ចជៀសវាងការប្រើប្រាស់ដោយខុសច្បាប់ទោះជារបស់កែច្នៃយ៉ាងណាក៏ដោយតែវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន ៕ ជីវ័ន្ត


ចែករំលែក៖