ភ្នំពេញ៖ មណ្ឌលបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ គឺអ្នកបានទៅបោះឆ្នោតមានចំនួន ៦៩,៦៦% គឺមានអ្នកបានបោះឆ្នោតចំនួន ៦០៣.៤៩៧នាក់ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨៦៦.៣៤៧នាក់។ ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺល្អប្រសើរ ។
នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអោយដឹងថា៖ រហូត ដល់ ម៉ោងពិតការិយាល័យបោះឆ្នោតនៅទូទាំងរាជធានីភ្នំពេញ គឺមានអ្នកបានទៅបោះឆ្នោត ចំនួន ៦០៣.៤៩៧នាក់ គឺស្មើនឹង៦៩,៦៦% នៃចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨៦៦.៣៤៧នាក់”។ លោកបន្តថា ការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨នេះ សង្កេតឃើញថាមានប្រជាពរដ្ឋច្រើនកោះករនាំគា្នទៅបោះឆ្នោត ដើម្បីបង្ហាញពីកតាព្វកិច្ចរបស់ខ្លួនជាពលរដ្ឋខ្មែរ។
ពាក់ព័ន្ធនិងសភាពការណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងដែរថា សភាពការណ៍មានលក្ខណៈល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើយ។ ឯកឧត្តម បន្ថែមថា កម្លាំងនគរបាល ល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត។
បើយោងតាមរបាយការណ៍បណ្តោះអាសន្នចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បានបង្ហាញថា នៅទូទាំងប្រទេសមានអ្នកបានទៅបោះឆ្នោតមានចំនួន៨០,៤៩% គឺស្មើនឹងចំនួន ៦.៧៤៤.៨៩៣នាក់ នៃចំនួនសរុបអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨.៣៨០.២១៧នាក់៕ សំរិត