ភ្នំពេញ ៖ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៦បានបញ្ចប់ជាស្ថាបពរ ក្នុងឱកាសចូលរួមបោះឆ្នោតនេះប្រជាប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញពីទឹកមុខសប្បាយរីករាយ និងបញ្ជាក់ឲ្យដឹងថាខ្លួនបានបំពេញកាតព្វកិច្ចរួចរាល់ហើយក្នុងនាមជាពលរដ្ឋម្នាក់សម្រាប់ប្រទេសរបស់ខ្លួន ជាមួយនឹងការបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ។
ក្នុងព្រឹត្តិការណ៍នោះដែរ យុវជនម្នាក់ឈ្មោះវ៉ា សារ៉ាវុធ និងសមាជិកក្នុងគ្រួសាររបស់ប្អូនមានគ្នា០៣នាក់ ស្ថិតក្នុងមណ្ឌលវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រាប់ឲ្យដឹងថាក្នុងថ្ងៃបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថា រូបគេនិងបងប្រុសម្នាក់ប្អូនស្រីម្នាក់ ពិតជាមានអារម្មណ៍សប្បាយចិត្តណាស់ក្រោយបានចូលរួមបោះឆ្នោត ព្រោះនេះជាភារកិច្ចដ៏ចំាបាច់និងសំខាន់ណាស់សម្រាប់ជ្រើសរើសអ្នកដឹកនាំដែលយើងពេញចិត្ត ។
បែរទៅខាងមណ្ឌលសាលាបឋមសិក្សាបាក់ទូកឯណោះវិញ អ្នកស្រី សុខលាភ បានលើកឡើងថា ក្នុងទិដ្ឋភាពជុំវិញបរិវេណការិយាល័យបោះឆ្នោតផ្ទាល់របស់អ្នកស្រីកត់សម្គាល់ឃើញថា គឺមានភាពល្អប្រសើរនិងប្រព្រឹត្តទៅដោយភាពរលូន ទាំងការត្រួតពិនិត្យឈ្មោះ និងទឹកថ្នាំជ្រលក់ជាដើមក្រោយចប់គូសសន្លឹកឆ្នោត។ អ្នកស្រីបានរំពឹងទុកថា សន្លឹកឆ្នោតដែលបានបោះនាពេលនេះនឹងទទួលបានការតបស្នងយ៉ាងពេញចិត្តនូវថ្នាក់ដឹកនាំដ៏ល្អៗសម្រាប់បម្រើប្រជាជនបន្តទៅមុខទៀតនិងដឹកនាំប្រទេសកាន់តែរីកចម្រើន។
ដោយឡែក ពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បានឲ្យដឹងដែរថា អ្វីដែលជាសង្ឃឹមទុកក្រោយចប់ការបោះឆ្នោតគឺចង់ឃើញប្រទេសជាតិកាន់តែអភិវឌ្ឍន៍ ពិសេសការរស់នៅប្រកបដោយភាពសម្បូរសប្បាយដោយគ្មានហិង្សា។
សូមរម្លឹកថា ការបោះឆ្នោតជ្រើសរើសតំណាងនីតិកាលទី៦ បានប្រព្រឹត្តទៅរយះពេលមួយថ្ងៃគត់ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សឈរឈ្មោះសរុបចំនួន២០គណបក្ស ៕សហការី