ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង បានបើកទៅបុកជាមួយម៉ូតូFZក្នុងទិសដៅបញ្ច្រាស់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯរថយន្តបានរេចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋ និងជាងម៉ូតូរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៩និង១៥នាទីយប់ ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិយកបាន សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តម៉ាកសាំយ៉ុង ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AI-2100 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក Yamaha-FZ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CW-5060 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ដូចគ្នាក្នុងទិសដៅបញ្រ្ចាស ក្នុងល្បឿនលឿន ហើយម៉ូតូម៉ាកFZនោះក៏បំរុងនឹងចេញវ៉ាឆ្វេងរថយន្តមួយគ្រឿងដែលនៅមុខខ្លួនស្រាប់តែវ៉ាមិនផុតក៏រ៉េចង្កូតទៅបុកជាមួយរថយន្តសាំយ៉ុងនោះយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូបែកមុខ បាក់ក បាក់ភ្លៅស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូអូសចេញពីកន្លែងកើតហេតុប្រហែលជាជិត១០០ម៉ែត្រ ដោយរថយន្តវិញរេចង្កូតទៅបុកផ្ទះជាងធ្វើម៉ូតូបណ្តាលឲ្យខ្ទេចរថយន្ត និងផ្ទះនោះតែម្ដង តែមិនបង្កឲ្យជាងម៉ូតូម្នាក់ដែលនៅក្នុងនោះរងរបួសនោះទេ គ្រាន់តែរងការខូចខាតឥវ៉ាន់ជាងម៉ូតូ និងម៉ូតូឌ្រីមសង់មួយគ្រឿងដែរនៅក្នុងផ្ទះនោះ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានបីប្រពន្ធចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយតៃកុងរថយន្ត និងប្រពន្ធក៏រងរបួសបែកមុខខ្លាំងដែរ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី រីឯសពរងគ្រោះ សមត្ថកិច្ច និងស្វែងរកសាច់ញាតិ និងប្រគល់ឲ្យទៅសាច់ញតិ្តធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ