ខេត្តពោធិ៍សាត់ ៖ បុរស ម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននឹងធ្នឹមរោងក្បែរផ្ទះ បន្ទាប់ពីដើរផឹកស៊ីពេញមួយយប់ ហើយពេលចូលផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះ តូចចិត្តពេកគិតខ្លីក៏ធ្វើបែបនេះតែម្តងទៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺឈានចូល ថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ។
សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ធឹម លីហេង ភេទប្រុស អាយុ៤១ឆ្នាំ មានប្រពន្ធនិងកូន៣នាក់ ប៉ុន្តែបានលែងលះគ្នា ហើយក្រោយមកទៅយកប្រពន្ធទី២ឈ្មោះ លឹម ចន្ទូ អាយុ៤១ឆ្នាំ រស់នៅភូមិទួលក្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។
តាមការសាកសួរពីអ្នកស្រុកដែលរស់នៅទីនោះបានឲ្យដឹងថា ប៉ុន្មានថ្ងៃមុន ប្ដីប្រពន្ធខាងលើមានជម្លោះក្នុងគ្រួសារ ប្រកែកគ្នាតឹងសរសៃក ប៉ុន្តែមិនបានដឹងពីមូលហេតុច្បាស់លាស់ទេ ។ លុះនៅថ្ងៃទី២៩ កក្កដា ឆ្នាំ ២០១៨ បុរសជាប្ដីបានចេញទៅផឹកស៊ីជាមួយមិត្តភក្តិបាត់តាំងពីល្ងាចរហូតដល់ពាក់កណ្ដាលយប់នៅតែមិនទាន់ចូលផ្ទះ ។ពេលឃើញដូច្នេះប្រពន្ធក៍ទៅដេកផ្ទះបងប្អូនបាត់ លុះមកដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ កក្កដា បុរសនេះបានត្រឡប់ចូលផ្ទះវិញមិនឃើញប្រពន្ធនៅផ្ទះ តូចចិត្តពេកក៏យកខ្សែអង្រឹងចង.កសម្លាប់ខ្លួនក្នុងរោងក្បែរផ្ទះទាំងនៅសម្លៀកបំពាក់តឺនុយស្អាតនៅឡើយ។ ក្រោយមកនៅវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺថ្ងៃទី៣០ កក្កដា ក្មួយស្រីបានដឹកបន្លែទៅលក់នៅផ្សារជិះម៉ូតូកាត់តាមមុខផ្ទះក៏ប្រទះឃើញពូចង.ក សម្លាប់ខ្លួនក៍ទៅប្រាប់មីងដែលជាប្រពន្ធជនរងគ្រោះទើបផ្អើលទាំងព្រឹកតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់បានកាត់ចំណងជនរងគ្រោះដើម្បីទម្លាក់ជនរងគ្រោះចុះមកក្រោមក្នុងគោលបំណងជួយសង្គ្រោះបថម ព្រោះស្ទាបទៅដឹងថាសាច់នៅក្តៅដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន