ភ្នំពេញ ៖ បើមិនមានការកែប្រែទេ នៅថ្ងៃនេះ ថ្ងៃ ពុធ ៥ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងទី១ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាណូតដឹកអ្នកដំណើរពីកំពង់ផែ ព្រែកព្នៅ,ភ្នំពេញ,ក្រុងតាខ្មៅ,ខេត្តកណ្ដាល។
កាណូតដឹកអ្នកដំណើរពីកំពង់ផែ ព្រែកព្នៅ,ភ្នំពេញ,ក្រុងតាខ្មៅ,ខេត្តកណ្ដាលនេះ ត្រូវបានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមកក្នុងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ បានដាក់ឲ្យដំណើរការបណ្ដោះ អាសន្ន ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា កាណូតដឹកអ្នកដំណើរ ក្នុង១គ្រឿងមានតម្លៃ ជាង២០ម៉ឺនដុល្លារ ហើយរាជរដ្ឋាភិបាល បានខិតខំយកមកប្រើប្រាស់ដោយធ្វើយ៉ាងណា ដោះស្រាយបញ្ហាការ កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានមួយចំនួន ។
លោកបន្ដថា តាមគម្រោងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក មានកាណូតល្បឿន លឿនចំនួន២០គ្រឿង ដែលក្នុងមួយគ្រឿងអាចផ្ទុកអ្នកដំណើរបាន៩៩នាក់ និងមាន ពោងសុវត្ថិភាពជាដើម ដោយប្រតិបត្តិការចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង ៨ យប់ ។
លោកស៊ុន ចានថុលបន្ថែមថា នៅថ្ងៃអនាគតក្រសួងនឹងធ្វើយ៉ាងណាខិតខំធ្វើការងារ ផ្លូវទឹក ផ្លូវដែក ផ្លូវគោក ភ្ជាប់ជាមួយរថយន្ដក្រុងសាធារណៈ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកដំណើរ ។ ការធ្វើដំណើរតាមកាណូត ដឹកអ្នកដំណើរ ពីព្រែកព្នៅទៅភ្នំពេញ ប្រើប្រាស់ពេលវេលាជិត១ម៉ោង ។
យ៉ាងណាការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីកំពង់ផែព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល បាន ឆ្លងកាត់ស្ថានីយ៍រង់ចាំអ្នកដំណើរចំនួន៦កន្លែង មានដូចជា នៅកំពង់ផែព្រែកព្នៅ កំពង់ផែមុខឃ្លាំងសាំងឫស្សីកែវ កំពង់ផែបណ្តែត កំពង់ផែណាហ្គា កំពង់ផែភូមិ ដើមចាន់ច្បារអំពៅ និងកំពង់ផែសួនច្បារតាខ្មៅ។ បងប្អូនអ្នកធ្វើដំណើរតាមផ្លូវទឹក អាចរង់ចាំតាមចំណតទាំងនេះបានគ្រប់ពេល ៕ ប្រាថ្នា