ភ្នំពេញ៖ រហូតមកទល់ពេលនេះ ប្រធានបទដ៏ក្តៅគគុកនៅតែមានការជជែកគ្នា បន្ទាប់ពីលោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនឃុំខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ជាប្រធានក្រុមហ៊ុនហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការសម្រេចមិនឃុំខ្លួននេះ ធ្វើឱ្យលោកព្រះរាជអាជ្ញារង សឿ ឡងឌី សម្រេចប្តឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ។
ប្រភពព័ត៌មានពីមន្ត្រីតុលាការ បង្ហើបឱ្យដឹងថា បុរសជនជាតិរូបនេះឈ្មោះ Yang Shi Xioa អាយុ៥៣ឆ្នាំ មុខរបរជាប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ត្រូវបានចោទប្រកាន់ពីបទ ហិង្សាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
ក្រោយការសម្រេចនេះ លោកចៅក្រមស៊ើបសួរ ហេង កេសរោ សម្រេចមិនឃុំខ្លួនជនត្រូវចោទ រួចអនុញ្ញាតឱ្យត្រឡប់ទៅវិញ ។
សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មោះ Yang Shi Xioa បាននាំបក្ខពួកចំនួន៣នាក់ទៀត ទៅជួបជនរងគ្រោះឈ្មោះ Lai Chu Wan នៅផ្ទះលេខ១៣ ផ្លូវលេខ៣ បុរីពិភពថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីទារលុយដែលជំពាក់ចំនួន២២ម៉ឺនដុល្លារ។
ដោយសារជនរងគ្រោះ មិនទាន់មានលុយសង ទើបពួកគេ បានយកពែងតែ គប់ជនរងគ្រោះ បែកក្បាល និងបាននាំគ្នាគំរាម ជនរងគ្រោះ ឱ្យផ្តិតមេដៃ លើកិច្ចសន្យា បញ្ចាំរថយន្តម៉ាក Mercedes 500 មួយគ្រឿង ឱ្យទៅពួកគេជាថ្នូរនឹងការសងប្រាក់គ្រប់ចំនួន។
ក្រោយទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ Yang Shi Xioa ៕ ចេស្តា