ប្រធានាធិបតីរុស្ស៊ីលោកពូទីន បាន សម្រេចបង្កើត នាយកដ្ឋានថ្មីនៅក្នុងជួរកងទ័ពតែម្តង ដើម្បីបង្កើនទឹកចិត្តស្នេហាជាតិនៅក្នុងជួរកងទ័ពរុស្ស៊ី។
បទបញ្ជារបស់ប្រធានាធិបតីពូទីនបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ខែកក្កដា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកម្លាំងទាហានការពារជាតិរុស្ស៊ី ក្នុងពេលដែលវិវាទ កាន់តែតានតឹងរវាងលោកខាងលិចនឹង រុស្ស៊ី។
កាលពីសម័យសូវៀត ក៏បានបង្កើត នាយកដ្ឋានសេ្នហាជាតិនោះដែរ ដើម្បី ធានាដល់កម្លាំងទាហាន មានភាពស្មោះ ត្រង់ ជាមួយ ជាតិនិងបក្សកាន់អំណាច។
ប្រធានាធិបតីពូទីន គឺជានាយសេនា ធិការ កងទ័ពរុស្ស៊ីបានចេញបញ្ជាឲ្យបង្កើតនាយកដ្ឋានខាងលើដើម្បីទទួលបន្ទុក បង្កើនគំនិតសេ្នហាជាតិនៅក្នុងជួរកងទ័ព។ជា មួយគ្នានេះ លោកពូទីន បាន ជ្រើសរើស ឧត្តមសេនីយ៍មួយរូប គឺលោក Andrei Kartapolov ធ្វើជាប្រធាន នាយកដ្ឋាន សេ្នហាជាតិ។
រយៈពេលចុងក្រោយនេះ កម្លាំងទាហាន រុស្ស៊ី បានបង្កើនការអភិវឌ្ឍ កាន់តែខ្លាំង ឡើង បង្កើនឥទ្ធិពល ទាំងក្នុងនិងក្រៅ ប្រទេស ពិសេសគឺសង្គ្រាមស៊ីរី ។
នៅពេលនេះដែរ សារព័ត៌មាន Sputnik នៅថ្ងៃទី ១ខែសីហាថា យោធារុស្ស៊ី បានចេញផ្សាយវីដេអូមួយ បង្ហាញពីការ បាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង Kh-31 Supersonic ចេញពីយន្ដហោះ ចម្បាំង Sukhoi Su-34 មួយគ្រឿងកាលពី ពេលថ្មីៗនេះ។
វីដេអូបង្ហោះលើ YouTube បានបង្ហាញពីសកម្មភាពយន្ដហោះចម្បាំង Sukhoi Su-34 បាញ់មីស៊ីលប្រឆាំងនាវាចម្បាំង Kh-31 Supersonic មួយគ្រាប់នៅក្នុងពេលធ្វើសមយុទ្ធយោធានៅឯសមុទ្រ Caspian ដោយបំផ្លាញចំគោលដៅយ៉ាងល្អឥតខ្ចោះលើ នាវាចម្បាំងមួយគ្រឿងដែលត្រូវបានប្រើប្រាស់ជានាវារបស់សត្រូវ។
គួរបញ្ជាក់ថា មីស៊ីលប្រឆាំងនាវា ចម្បាំង Kh-31 ត្រូវបានដាក់ឱ្យកងទ័ព រុស្ស៊ីប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៩ ហើយមីស៊ីលនេះ អាចបាញ់បានចម្ងាយ ៧០គីឡូម៉ែត្រ តែមានឥទ្ធិពលខ្លាំង។ ការ បង្ហាញនេះ ក៏កើតមានឡើងស្របពេល ដែលបញ្ហាជាច្រើននៅតំបន់មជ្ឈិមបូព៌ា កំពុងតែក្តៅគគុក ជាពិសេសនៅក្នុង ប្រទេសស៊ីរី និងអុីរ៉ង់ ដែលសុទ្ធសឹងជា សម្ពន្ធមិត្តរបស់រុស្ស៊ី៕ ម៉ែវ សាធី