សារព័ត៌មាន យ៉ុនហាប់កូរ៉េខាងត្បូង បានផ្សាយថា រដ្ឋមន្ត្រីឯកភាពជាតិកូរ៉េខាងត្បូង លោក Chun Hae Sung នៅថ្ងៃទី ១ខែសីហា បានទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាពីសកម្មភាពត្រៀមលក្ខណៈនៃ ជំនួបគ្រួសារបែកបាក់ដោយសារសង្គ្រាម។
លោក Chun Hae Sung និងមន្ត្រី៨រូប ផ្សេងទៀត បានឆ្លងកាត់ព្រំដែនចូលទៅកាន់តំបន់ Kumgang ជាទីតាំងដែលរៀបចំ ជំនួបខាងលើ។ មន្ត្រីកូរ៉េខាងត្បូង បាននៅទីនោះជាច្រើនម៉ោងដើម្បីរៀបចំត្រៀមជំនួបគ្រួសារពីថ្ងៃទី ២០ដល់ថ្ងៃទី២៦ ខែសីហា ខាងមុខនេះ។
ពលរដ្ឋកូរ៉េខាងត្បូង ប្រមាណ៥០ភាគ រយ បានចូលរួមរៀបចំ តំបន់រមណីយដ្ឋាន Kumgang ជាច្រើនសប្តាហ៍កន្លងមក។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Chun បញ្ជាក់ថា«យើងបានរៀបចំ រួចរាល់សម្រាប់ជំនួបខាងលើ ដើម្បីឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ទ្ធនោះដែរ នៅថ្ងៃទី១ ខែ សីហានេះ បញ្ជាការ នៃអង្គការសហប្រជា ជាតិ (UNC) នឹងរៀបចំពិធីសម្គាល់ ការ ធ្វើមាតុភូមិនិវត្តន៍ នៃសំណល់ទាហាន អាមេរិកចំនួន ៥៥នាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ នៅ មូលដ្ឋានអាកាសអាមេរិក នៅកូរ៉េខាងត្បូង ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅក្នុងឃ្លាំងស្តង់មួយនៅមូលដ្ឋានអាកាស Osan ក្នុងទីក្រុង Pyeongtaek ចម្ងាយ ៧០គីឡូម៉ែត្រខាងត្បូងទីក្រុង សេអ៊ូល នៅវេលាម៉ោង ៥ល្ងាចនេះ រយៈ ពេល ៥ថ្ងៃបន្ទាប់ពីយន្តហោះអាមេរិកបានបញ្ជូន សាកសពពីកូរ៉េខាងជើង ទៅកូរ៉េ ខាងត្បូងក្នុងសកម្មភាពមួយ ដែលត្រូវ បានគេរំពឹងថា នឹងជួយសម្រួល ដល់កិច្ច ប្រឹង ប្រែងដែលកំពុងបន្តដើម្បីលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបនេះ។
ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកំពូលកាលពីខែ មិថុនា រវាងលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលរួម បញ្ចូលទាំងការស្វែងរកការកសាងទំនាក់ទំនងថ្មីជំរុញឱ្យមានសន្តិភាពយូរអង្វែង និងស្ថិរភាព និង បន្តការបំបាត់ចោលនូវអាវុធនុយក្លេអ៊ែរ ពេញលេញ ៕ ម៉ែវ សាធី