ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជួញដូរនិងចែកចាយគ្រឿងញៀនត្រូវសមត្ថកិច្ចបង្ក្រាប ចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ និងលោកស្នងការរងទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងសរុប ២៧ នាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជនសង្ស័យឈ្មោះ នុប សឿន ភេទស្រី អាយុ ៦១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ពាក់ព័ន្ធករណីជួញដូរ និងចែកចាយគ្រឿញៀន ។

ក្នុងប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរនិងចែកចាយគ្រឿងញៀននេះ បានធ្វើឡើងការពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ ឃុំ ខាងលើ កម្លាំងសមត្ថកិច្ច បានធ្វើការឆែកឆេរដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៏ស ចំនួន 03 កញ្ចប់ធំស្មើនឹង 258,56 ក្រាម ដែលជនសង្ស័យបានលាក់ទុកក្នុងការុងពណ៌សមានខោទឹកនោម និងក្រដាសជូតមាត់ ផ្ញើពេលយប់មកពីភ្នំពេញតាមរថយន្តក្រុង,ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ប៉ែន នួន


ចែករំលែក៖