ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ស្តារិចក្នុងល្បឿនលឿនសង្ស័យស្រវឹងបានរេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយបាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​អាកាសយាន្តដ្ឋានអន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ស្តា​រិច ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ២B-១២៦០ បើកបរ​ដោយបុរស​​ជនជាតិ​ចិន​ម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ូស្សុី​ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ល្បឿនយ៉ាងលឿនសង្ស័យស្រវឹងលុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ចេញ​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​បង្ក​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព បណ្តាល​ឱ្យ​បុរស​ជា​ជនជាតិ​ចិន​ដែល​ជា​អ្នកបើកបរ​រថយន្ត​អត់​ពាក់​ខ្សែក្រវាត់​រថយន្ត​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​ខាង​មុខ​បែក​កញ្ចក់ រង​របួសស្រាល​ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ បុរស​ជនជាតិ​ចិន​ខាងលើ​បំរុង​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ តែ​រថយន្ត​ខាងលើ​បាន​ដាច់​កាឡេ​បើក​ទៅ​មុខ​លែង​រួច ក៏​ចុះ​ពីលើ​រថយន្ត​ឡើងជិះ​​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ ។

ក្រោយ​ពេល​កើតហេតុ​នគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយជំនាញ​ស្ទូចរថយន្តបង្កទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖