ព័ត៌មានទាន់ហេតុការណ៍៖

តារាចំរៀងលំដាប់ជួរមុខ៦៦នាក់ស្ម័គ្រចិត្តច្រៀងរកថវិកាជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងតិចមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះចំនួន៦៦រូប បានស្ម័គ្រចិត្តចូលរួមច្រៀងដោយមិនគិតកម្រៃដើម្បីស្វែងរកថវិកាជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ការប្រគំតន្ត្រីលក់សំបុត្រក្នុងតម្លៃត្រឹម១ម៉ឺនរៀលនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានសេវេនប្រាយ ជិតផ្សារមាន់អាំង ខណ្ឌទួលគោក ។

អាចចាត់ទុកថា ជាព្រឹត្តិការណ៍ច្រៀងរាំទ្រង់ទ្រាយធំមួយ ដែលប្រមូលផ្តុំទៅដោយសិល្បករប្រុសស្រីល្បីឈ្មោះមកពីគ្រប់ផលិតកម្ម ក្នុងព្រឹត្តិការប្រគំតន្ត្រីមួយមានឈ្មោះថា ការប្រគំតន្ត្រីចែករំលែកក្តីសង្ឃឹម ។

លោក ឈួន សុខលីម អ្នកសម្របសម្រួលកម្មវិធីប្រគំតន្ត្រីខាងលើនេះបានបញ្ជាក់ថា ដោយសារតែសិល្បករជាច្រើនបានបង្ហាញក្តីអាណិត ចង់ចូលរួមរំលែកទុក្ខលើកទឹកចិត្តដល់ប្រជាជនខ្មែរ ដែលរងគ្រោះដោយទឹកជំនន់ទើបលោក និងពួកគាត់សម្រេចចិត្តរៀបចំព្រឹត្តិការណ៍មួយនេះឡើង ។

លោកនៅចងចាំសម្តីតារាចម្រៀង ខាត់ សុឃីម និយាយថា មិនចង់ឲ្យមហាជនយល់ថា អ្នកសិល្បៈស្រែករកតែជំនួយ ស្រែករកតែលុយពេលធ្លាក់ខ្លួន ប៉ុន្តែពេលនេះសិល្បករចង់ស្រែករកជំនួយដែរប៉ុន្តែមិនមែនសម្រាប់ខ្លួនគាត់ទេគឺចង់បានការជួយដល់សង្គមពិសេសពលរដ្ឋ ដែលកំពុងជួបការលំបាក ។

លោកថា សិល្បករទាំង៦៦ដួងមិនត្រឹមតែចូលរួមច្រៀងដោយមិនគិតប្រាក់ទេ គឺថែមទាំងមានទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីបរិច្ចាគផងដែរ ហើយពួកគាត់នឹងជួយផ្សាយផ្ទាល់(Live)តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីស្វែងរកជំនួយ និងការលក់សំបុត្រ ដែលជំនួយមិនត្រឹមតែថវិកាទេ គឺសូម្បីតែទឹកត្រីមួយដប ក៏ពួកគាត់ប្តេជ្ញាថា នឹងទៅយកដើម្បីជួយដល់ពលរដ្ឋខ្វះខាតដែរ ។

លោកថា សំបុត្រនឹងត្រូវប្រកាសលក់ក្នុងតម្លៃមួយម៉ឺនរៀល តាមរយៈសិល្បករ និងទីតាំងហាងមួយចំនួននៅភ្នំពេញ ។

លោកបញ្ជាក់ដែរថា កម្មវិធីប្រគំតន្ត្រីនេះ នឹងចែកចេញជា៣វគ្គ ដែលមួយវគ្គៗប្រមូលផ្តុំដោយសិល្បករផ្សេងៗពីគ្នា ។

លោករំពឹងដែរថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនពិសេសអ្នកគាំទ្រតារាចម្រៀងខ្មែរ ដែលពួកគេមិនត្រឹមតែបានជួបតារាក្នុងដួងចិត្តពួកគេដោយផ្ទាល់ទេ ក៏នឹងអាចចូលរួមចំណែកជួយដល់ប្រជាជន ដែលកំពុងតែប្រឈមនឹងបញ្ហាជីវភាពព្រោះទឹកជំនន ។

លោកបន្តថា ក្រុមការងារគ្រោងនឹងប្រមូលថវិកា ដែលទទួលបានទិញជាសម្ភារៈអាហារពិសេសអង្ករ និងមីដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងពិសេសនៅខេត្តស្ទឹងត្រែងជាដើម ៕ វឌ្ឍនា


ចែករំលែក៖