សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបានលិខិតទីពីរ ពីមេដឹកនាំ គីម ជុងអ៊ុន ប៉ុន្តែមិនបានបញ្ជាក់ពីខ្លឹមសារនៅក្នុងសារលិខិតនោះឡើយ។
សារព័ត៌មាន AFP បានផ្សាយថា សេតវិមាន បានបញ្ជាក់ថាលិខិត របស់ គីម ជុងអ៊ុន បានបញ្ជូនទៅដល់ដៃប្រធានាធិបតី ត្រាំ នៅថ្ងៃទី១ ខែសីហា។ អ្នកនាំពាក្យសេតវិមាន Sarah Sanders កាលពីថ្ងៃទី២ ខែសីហា បានប្រកាសថា «រាល់ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ គឺជាការអនុវត្តន៍បន្តក្រោយជំនួបនៅក្នុងប្រទេសសិង្ហបុរី និងជំរុញការអនុវត្តសេចក្តីប្រកាសរួម ដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខា។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការផ្ញើលិខិតទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាលើកទីពីរអាចជាសំណើរជួបពិភាក្សាគ្នាលើកទីពីរនៅទីក្រុងវ៉ាស៊ីនតោន។ ពេលថ្មីៗនេះ មានព័ត៌មានបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងបំពេញទស្សនកិច្ចទៅកាន់អាមេរិកនៅខែកញ្ញាខាងមុខ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងថ្លែសុន្ទរកថាជាលើកតំបូងនៅក្នុងអង្គការកំពូលមួយនេះ។
ទាំងនោះហើយបានជាលោក គីម ជុងអ៊ុន ផ្ញើលិខិតទៅកាន់លោក ត្រាំ ដើម្បីរៀបចំជំនួបទ្វេភាគីក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិ។ ក្រៅពីនេះក្រុមអ្នកវិភាគបានលើកឡើងថា អាចនឹងមានជំនួបពិភាក្សាទ្វេភាគីជាច្រើនផ្សេងទៀតរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងបណ្តាមេដឹកនាំសំខាន់ៗជុំវិញពិភពលោកក្នុងនោះមានរុស្ស៊ីជាដើម។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហគមន៍អនុ្តរជាតិមានភាពល្អប្រសើរបន្តិចម្តងៗ ក្រោយលោក គីម ជុងអ៊ុន ជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន នៅថ្ងៃទី២៧ ខែមេសា និងជំនួបជាមួយប្រធានាធិបតី ត្រាំ នៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។ ជាមួយគ្នានេះកូរ៉េខាងជើង ក៏កំពុងតែអវុវត្តន៍ទៅតាមសេចក្តីប្រកាសរួម ដោយបានកម្ទេចទីតាំងសាកល្បងបរមាណូ និងការរុះរើទីតាំងសាកល្បងមីស៊ីលឆ្លងទ្វីបជាដើម។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ប្រសិនបើលោក គីម ជុងអ៊ុន ទៅកាន់អាមេរិកនៅខែកញ្ញាខាងមុខដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ជារឿងដ៏ល្អបំផុត ហើយកូរ៉េខាងជើងអាចស្នើដល់អង្គការសហប្រជាជាតិលុបទណ្ឌកម្មមកលើកូរ៉េខាងជើងដោយជោគជ័យទៀតផង៕ ម៉ែវ សាធី