ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនទៀតហើយ! បើករថយន្តរេចង្កូតបុករបងថ្ម និងជញ្ជាំងផ្ទះអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រីជនជាតិចិន២នាក់បានរងរបួសស្រាល ដោយសង្ស័យងងុយដេក និងស្រវឹងស្រាបានបើករថយន្តហាយឡេនឌឺមួយគ្រឿងដូចហោះទៅបុករបង និងបន្តទៅបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងពេញទំហឹងលាន់សូរកក្រើកដីបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ក្នុងដំណេកចេញមកមើលទាំងភិតភ័យ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូល ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតក្នុងភូមិលាប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ស្វាយរៀងសំណាងអ្នកបើករថយន្ត និងអ្នករួមដំណើររងរបួសស្រាល និងមានគ្រោះថ្នាក់ដល់អ្នកភូមិ ។

យោងតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានរថយន្តម៉ាកហាយលេនឌ័ ពណ៌ត្រីឆ្លូញមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ ២W៣៨០៧ បើកបរដោយបុរសជនជាតិចិន និងស្ត្រីម្នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណ ធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ស្រាប់តែរេចង្កូត មកបុករបងថ្មពេញទំហឹងខណះមិនទាន់អស់ល្បឿនបន្តទៅបុកជញ្ជាំងផ្ទះអ្នកភូមិតែម្ដង ។

ក្រោយមកអ្នកភូមិក៏ដូចជាម្ចាស់ផ្ទះបានចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ភ្លាមៗ និងឃើញប្រុស ស្រី២នាក់ចេញពីក្នុងរថយន្តទាំងត្រដាបត្រដួសសំណាងមិនមានអ្នកភូមិរងគ្រោះថ្នាក់អ្វីនោះឡើយ ។

លុះព្រឹកឡើងសមត្ថកិច្ចបានមកវាស់វែង និងឲ្យម្ចាស់ផ្ទះ និងភាគីម្ចាស់រថយន្តដោះស្រាយសម្របសម្រួលគ្នាចេញថ្លៃខូចខាត ដោយមិនបានអូសមកអធិការដ្ឋាននគរបាលស្រុកស្វាយទាបនោះទេ ៕ យឹម សុថាន


ចែករំលែក៖