សារព័ត៌មាន WSJ បានឲ្យដឹងថាកាល ពីថ្ងៃទី ២ខែសីហា រុស្ស៊ីបានអនុញ្ញាតឲ្យ ពលករកូរ៉េខាងជើង រាប់ពាន់នាក់ចូលទៅធ្វើការនៅរុស្ស៊ីដោយស្របច្បាប់។
ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រុស្ស៊ី បានបញ្ជាក់ថា ពលករកូរ៉េខាងជើងជាង១មឺុននាក់បានចុះឈ្មោះចូលទៅធ្វើការនៅ ក្នុងប្រទេសរុស្ស៊ី ដោយចាប់ផ្តើមនៅខែ កញ្ញាខាងមុខ។ តាមឯកសារពីក្រសួង ពលកម្ម រុស្ស៊ីបង្ហាញឲ្យឃើញថា យ៉ាង ហោចណាស់ ពលករកូរ៉េខាងជើង ៧០០ នាក់ទទួលបានលិខិតការងារនៅក្នុងប្រទេសរុស្ស៊ី ក្នុងឆ្នាំនេះ ។
ការដែលរុស្ស៊ីបើកទ្វារស្វាគមន៍ពលករកូរ៉េខាងជើង អាចបំពានច្បាប់ដាក់ទណ្ឌ កម្ម របស់អង្គការសហប្រជាជាតិទៅលើ កូរ៉េខាងជើង ដើម្បីកាត់បន្ថយប្រាក់ដុល្លារ ចូលទៅទឹកដីកូរ៉េខាងជើង ដែលជាសម្ពាធដើម្បីបង្ខំឲ្យទីក្រុងព្យុងយ៉ាងបោះបង់ អាវុធ បរមាណូ។ ប្រសិនបើកូរ៉េខាងជើង គ្មាន ប្រាក់ដុល្លារនោះនឹងមិនអាច ទិញសម្ភារដើម្បីបន្តកម្មវិធីអាវុធនោះឡើយ។ នៅ ពេលនេះអង្គការសហប្រជាជាតិក៏បាន តាមដានយ៉ាងយកចិត្តទុកដាក់ថាតើរុស្ស៊ីបានបំពានច្បាប់អង្គការសហប្រជាជាតិ ដែរឬទេ?
នៅពេលនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា«រុស្ស៊ី បាននិយាយថា មានបំណងចង់កែប្រែទំនាក់ទំនងល្អជាមួយអាមេរិក ។ ដូច្នេះរុស្ស៊ី មិនត្រូវធ្វើអ្វីដែលអាចប៉ះពាល់ដល់សន្តិសុខអាមេរិក ក៏ដូចជាប្រឆាំងនឹងអាមេរិក។ ការដែលរុស្ស៊ីអនុញ្ញាតឲ្យពលករកូរ៉េខាងជើង ទៅធ្វើការនៅរុស្ស៊ីនោះ គឺជាការបំពានច្បាប់ ដាក់ទណ្ឌកម្ម។
មន្ត្រីអាមេរិក បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណពលករកូរ៉េខាងជើង នៅរុស្ស៊ី បាន ផ្ញើប្រាក់ ពី១៥០ -៣០០ លានដុល្លារទៅកាន់កូរ៉េខាងជើងជារៀងរាល់ឆ្នាំ។ ពេលនេះរុស្ស៊ី ចាំបាច់ត្រូវតែគោរពទៅ តាមច្បាប់ដាក់ទណ្ឌកម្មទៅលើកូរ៉េខាង ជើងដែលមិនទាន់បញ្ចប់នៅឡើយ៕ ម៉ែវ សាធី